(ហ្សាការតា)៖ នាចុងសប្តាហ៍នេះអាជ្ញាធរឥណ្ឌូណេស៊ី ទើបតែបានកម្ទេចចោលទូកនេសាទចំនួន ៨១គ្រឿង ភាគច្រើនជារបស់បរទេស ដែលរឹបអូសបាននៅពេលលួចធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកនៃ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយបើគិតចាប់តាំងតែពីពេលនៃការបើកយុទ្ធនាការប្រឆាំង ការនេសាទត្រីខុសច្បាប់​ របស់ប្រធាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងឆ្នាំ២០១៤មក ទូកនេសាទ​មាន​​ចំនួន​មិន​​តិច​ជាង ៣០០គ្រឿងនោះឡើយត្រូវបានបំផ្លាញចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ឥណ្ឌូណេស៊ីគឺជាប្រទេស​មានតំបន់​នេសាទ ដែលសម្បូរទៅ​ដោយធនធាន​ជាច្រើនកន្លែង ប៉ុន្តែអាជ្ញាធរ​បានជួបប្រទះ​បញ្ហាលំបាក ក្នុងការទប់​ស្កាត់​ទូកនេសាទ ដែលភាគច្រើន​មកពីប្រទេស​អាស៊ីជិតខាង កុំឲ្យរុលចូលមក​ក្នុងដែនសមុទ្រ​ជុំវិញប្រជុំកោះ​ដ៏ធំល្វឹងល្វើយ​របស់ខ្លួន។ រដ្ឋ​មន្រ្តីកិច្ចការ​ដែនសមុទ្រ​ និងនេសាទ​ឥណ្ឌូណេស៊ី​លោកស្រី Susi Pudjiastuti បានថ្លែងការ​កម្ទេចទូកនេសាទ​នេះ នឹងអាចធ្វើជាគំរូសម្រាប់​ឲ្យអ្នកដែល​មានបំណង​មកធ្វើការនេសាទ​ខុសច្បាប់ នៅក្នុងច្បាប់​នៅក្នុងដែនសមុទ្រ​ឥណ្ឌូណេស៊ី មានការញញើត​កោតក្រែង លែងហ៊ាន​ប្រព្រឹត្តទង្វើ​នេះ​ទៀត។

គោលការណ៍ដ៏តឹងរ៉ឹង​លើបញ្ហានេសាទ​ខុសច្បាប់នេះ ធ្លាប់បានបង្កភាព​​តានតឹងអស់មួយរយៈ​ជាមួយនឹងប្រទេសជិត​ខាង​​ដទៃៗទៀត។ តួយ៉ាងកាល​ពីឆ្នាំនាវាល្បាត​ដែនសមុទ្រមួយ​គ្រឿង របស់ប្រទេសចិន​បានចូលមក​លូកដៃ នៅពេល​ដែលអាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​ព្យាយាម​រឹបអូស​ទូកនេសាទមួយ​គ្រឿងចិន​មួយគ្រឿង ដោយសារ​បានចូលមក​ធ្វើការនេសាទ​ខុសច្បាប់ក្នុងដែនទឹក ក្បែរតំបន់​​សមុទ្រ​​ចិនខាង​​ត្បូង​​​ដែល​មាន​ជម្លោះ។

គួរបញ្ជាក់ថា​កាលពីឆ្នាំ២០១៤ ឥណ្ឌូណេស៊ី​បានធ្វើការប៉ាន់​ប្រមាណថា​ ការនេសាទខុសច្បាប់ បានធ្វើប្រទេស​មួយនេះខាតបង់​ថវិកាចំនួន ​៧.៥៨ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ ហើយចាប់តាំង​ពីពេលនោះមក រដ្ឋាភិបាលទីក្រុងហ្សាការតា​បានកម្ទេចទូកនេសាទ​ខុសច្បាប់អស់​​ចំនួន​៣១៧គ្រឿង ដែលភាគច្រើនមក​ពីប្រទេសជិតខាង​រួមមាន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕