(សេអ៊ូល)៖ កូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគំរោង ដើម្បីអបអរសាទរទិវាគម្រប់ខួប​សំខាន់ៗ​ចំនួន​ពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះរួមមានទាំង ថ្ងៃខួបកំណើតរបស់បិតាស្ថាបនិក របស់របប​ដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីល​ស៊ុង ផងដែរ នៅក្នុងទម្រង់ជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងគគ្រិកគគ្រេង​ជាទីបំផុតដែលប្រការនេះបានបង្ហាញតំរុញថា នឹងមាន​ការ​ធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុន​នេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង Rodong Sinmun ទិវាដ៏សំខាន់នោះរួមមាន ថ្ងៃគំរប់ខួបលើកទី១០៥​នៃ​ថ្ងៃ​កំណើត​​របស់​​លោក គីម ​អ៊ីល​ស៊ុង នៅ​ថ្ងៃទី១៥ ខែមេសា និងថ្ងៃគម្រប់ខួប៨៥ឆ្នាំ​នៃការបង្កើតកងទ័ព​កូរ៉េខាងជើង​នៅថ្ងៃទី២៥ ខែមេសា។ កាសែត Rodong Sinmun បាន​ចុះ​ផ្សាយ​ដូចច្នេះថា «ថ្ងៃឈប់សម្រាក​ដ៏មានន័យ​ទាំងពីរនេះ គួរតែទទួល​បានការអបអរ​ ក្នុងនាមជា​ព្រឹត្តិការណ៍​នយោបាយដ៏ឱឡារឹក​ជា​ទី​បំផុត ​ដែល​អាច​ត្រូវ​បាន​​ចង់​ចាំ​នៅ​ក្នុង​ប្រវត្តិសាស្រ្តជាតិ​»

ជាមួយគ្នានេះដែរអ្នកវិភាគជាច្រើនរូបបាននិយាយថា ដោយសារតែ​នាពេលកន្លងមក​រដ្ឋកុម្មុយនិស្តមួយនេះ ធ្លាប់​បាន​ធ្វើ​​តេស្ត​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ និងបាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចម្ងាយឆ្ងាយ​នៅក្បែរៗ​ទិវាខួបសំខាន់ៗ​របស់ខ្លួននោះ​ វាមានលទ្ធភាព​ខ្ពស់​ដែលថា​ទីក្រុងព្យុង​យ៉ាង​អាចនឹងបង្កសកម្មភាព​បង្ករឿងផ្សេងៗ​នៅក្នុងខែនេះ។ បើតាមប្រភព​ពីរដ្ឋាភិបាល​កូរ៉េខាងត្បូង កូរ៉េខាងជើង​ត្រូវគេជឿជាក់ថា​កំពុង​​ត្រៀមខ្លួន​ធ្វើព្យុហយាត្រា​យោធាទ្រង់ទ្រាយ​ដ៏ធំសម្បើម​មួយ នៅឯព្រលាន​យន្តហោះ Mirim ក្នុងរដ្ឋធានី​ព្យុងយ៉ាង ដើម្បីព្យាយាម​សំញែង​​​អានុភាព​នៃវិស័យយោធា​របស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃកំណើត​របស់កងទ័ព​កូរ៉េខាងជើង។

គួរបញ្ជាក់ថា​ការធ្វើព្យុហយាត្រា​យោធា​ចុងក្រោយ​ និងធំជាងគេបង្អស់​របស់​កូរ៉េខាងជើង​ត្រូវបានធ្វើ​ឡើងកាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងឱកាស​នៃទិវា​រំលឹកខួប​ទី៧០ នៃការបង្កើត​គណបក្សពលករ​កូរ៉េ​ដែលជាបក្ស​កាន់អំណាច។ ព្យុហយាត្រាយោធា​​របស់កូរ៉េខាងជើង ត្រូវបាន​អន្តរជាតិតាមដាន​យ៉ាងយកចិត្ត​ទុកដាក់​ជាទីបំផុត ដើម្បីក្រឡេក​មើល​ទៅលើ​ការវិវឌ្ឍន៍​នៃកម្មវិធីនុយក្លេអ៊ែរ​​ និងសព្វាវុធទំនើបថ្មីៗ​​របស់ប្រទេស​មួយនេះ៕