(អឺរ៉ុប)៖ កម្មវិធី Telegram នឹងដាក់ដំណើរការក្នុងពលឆាប់ៗនេះនូវកម្មវិធីហៅទូរស័ព្ទ ឬ Telegram Call បន្ថែមលើកម្មវិធីផ្ញើសាររបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា Telegram Call នេះអាចទប់ស្កាត់ ការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទបាន ហើយជាដំបូងវានឹងអាចប្រើប្រាស់បានតែនៅតំបន់អឺរ៉ុបប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ Telegram ចុះផ្សាយព័ត៌មាន ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។​

យោងតាម Telegram កម្មវិធី Telegram Call មានកំណែប្រែ ឬ Version 3.18 នឹងត្រូវដាក់​ឱ្យទាញយក​នៅលើទូរស័ព្ទដៃស្មាតហ្វូន​ប្រភេទ Android និង iOS នៅអឺរ៉ុបមុនគេ ក្នុងពេល​ឆាប់ៗនេះ។ ជាងនេះទៅ​ទៀត Telegram ក៏នឹងធ្វើការ​កែសម្រួលផងដែរ​ នូវសំឡេងរោទ៍​ពេលមានផ្ញើសារ​ចេញ និងទទួល, ការហៅទូរស័ព្ទចេញជាសម្លេង, ការបញ្ជាក់លេខ​ទូរស័ព្ទនៅលើអេក្រង់​ទូរស័ព្ទ​ជាដើម។

គួរបញ្ជាក់ថាការប្រើប្រាស់ Telegram Call អាចនឹងមាន​សុវត្ថិភាព​ជាងមុន ក្នុងការ​ទំនាក់ទំនងគ្នា ត្បិតវាអាច​ធានាបាននូវសន្តិសុខ​ ​នៃដៃគូសន្ទនា​របស់យើង។ ជាក់ស្ដែង​នៅពេលយើង​ប្រើប្រាស់ Telegram Call ហៅទៅកាន់​ដៃគូម្ខាងទៀត នោះវានឹង​បញ្ជាក់ប្រាប់យើងពីសុវត្ថិភាព​ ក្នុងការនិយាយ​ទូរស័ព្ទ ដើម្បីជៀសវាង​ការលួចស្ដាប់ តាមរយៈការប្រៀបធៀប​រូបភាព Emojis ពោលគឺបើ​រូបភាព Emojis ទំាងបួននៅលើកញ្ចក់​ទូរស័ព្ទដូចគ្នាទំាងអស់ នោះវាបង្ហាញថា​គ្មានបញ្ហាអ្វីនោះទេ ក្នុង​ការសន្ទនាគ្នា៕