(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបាន និងកំពុងជំរុញឱ្យប្រជាជនរបស់ខ្លួន ផ្លាស់ប្ដូរទីលំនៅទៅរស់នៅ​តាមតំបន់កោះដាច់ស្រយាលនៅទូទាំងប្រទេស ខណៈជប៉ុនកំពុងមានជម្លោះដែនទឹកនៅឯ តំបន់សមុទ្រចិនខាងកើតស្របជាមួយនឹងទឹកដីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នានឹងការជំរុញនេះដែរ​​រដ្ឋាភិបាលទីក្រុងតូក្យូបានធានាថា​ នឹងបង្កើនជំនួយ​រដ្ឋាភិបាល ដើម្បីជួយដល់​សហគមន៍នៅលើកោះ​ចំនួន៧១ តាមរយៈ​ការសាងសង់​លំនៅដ្ឋានថ្មី និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងតំបន់ ហើយថា​ជំនួយជាថវិកាទំាងនេះ ក៏នឹងមានជាប់​ពាក់ព័ន្ធ​ផងដែរ នឹងការសាងសង់​ក៏ដូចជាការបង្កើតប្រព័ន្ធរោងចក្រ និងកំពង់ផែឯកជន។

គួរបញ្ជាក់ថាប្រទេសជប៉ុន​បានប្រឈមមុខនឹង​ការធ្លាក់ចុះយ៉ាងខ្លាំង​ នៃចំនួនប្រជាជនរស់នៅ​តាមតំបន់កោះដាច់​ស្រយាល អស់រយៈពេលជា​ច្រើនទសវត្សរ៍មកហើយ ក៏ព្រោះតែប្រជាជនមានការ​ពេញចិត្តនឹងការរស់នៅតំបន់ប្រជុំជន ហើយពួកគេមានការភ័យខ្លាច​ក្នុងការរស់នៅតំបន់​កោះដាច់ស្រយាល ដែលមានការខ្វះខាត និងអសន្តិសុខ៕