(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan នាពេលថ្មីៗនេះថ្លែងថា ប្រទេសរបស់លោកគ្មានថ្ងៃនឹងអាច ចូលជាសមាជិកនៃ​សហ​ភាពអឺរ៉ុប (EU) បាននោះឡើយ​ ពីព្រោះតែវាពុំមែនជាប្រទេសកាន់សាសនាគ្រិស្ត ដែលមានន័យថាបណ្តាប្រទេសអឺរ៉ុប​ទាំងអស់គឺជាក្រុមប្រកាន់បក្ខពួក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញ​ ពីសារ​ព័ត៌​មាន​រុស្ស៊ី Russia Today (RT) នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងការជួបជុំ​មួយរបស់អ្នកគាំទ្រ​រូបលោក លោកប្រធានាធិបតីតួកគីបានអះអាងថា​ ជំនួបរវាងបណ្តា​អ្នកតំណាង EU ជាមួយ​សម្តេចប៉ាប ដែលបានប្រព្រឹត្ត​ទៅកាលពីខែមីនា​កន្លងទៅ គឺជាភស្តុតាង​យ៉ាងជាក់ច្បាស់បង្ហាញថា សហភាពមួយ តាមពិតទៅមាន​មូលដ្ឋាន​​ជា​អង្គ​ការ​​​​ដែលប្រមូលផ្តុំដោយ​អ្នកកាន់សាសនាគ្រិស្តសុទ្ធសាធ។

លោក Erdogan បានថ្លែង​ដូច្នេះថា «មេដឹកនាំទាំងអស់​នៃបណ្តាប្រទេស​ជាសមាជិក EU បានធ្វើដំណើរ​ទៅកាន់បុរីវ៉ាទីកង់ ហើយបាន​ស្តាប់​តាមការបង្គាប់​បញ្ជារបស់សម្តេច​ប៉ាបយ៉ាងខ្ជាប់ខ្ជួន។ តើនាពេលនេះ​អ្នកយល់ច្បាស់​ហើយឬនៅថា ហេតុអ្វីបាន​ជាពួកគេតែងតែ​ស្ទាក់ស្ទើ​រ​មិនព្រមទទួល​យកតួកគី​ជាសមាជិក​នៃសហភាពអឺរ៉ុប​អស់រយៈពេល​ ៥៤ឆ្នាំមកនេះ? ស្ថានភាព​បានបង្ហាញ​យ៉ាងច្បាស់ៗថា វាគឺជាសម្ព័ន្ធ​ភាព​នៃសាសនាគ្រិស្ត»

គួរបញ្ជាក់ថា​តួកគីបានព្យាយាម​ចូលទៅក្នុង EU ចាប់តាំងពី​ការប្រគល់​សំណុំបែបបទរបស់​ខ្លួនសម្រាប់​សមាជិកភាព​កាលពី​ឆ្នាំ១៩៨៧​ មក​ម្ល៉េះ ប៉ុន្តែកិច្ចចរចា​ជាច្រើនត្រូវ​បានពន្យាពេលជា​ច្រើនលើក​ច្រើនសា ដោយសារ​ការព្រួយបារម្ភ​អំពីសិទ្ធិមនុស្ស និងការខ្វែង​គំនិតគ្នា​ជុំវិញ​បញ្ហាជាច្រើន​ផ្សេងៗទៀត។ ម៉្យាងវិញទៀត​នៅក្នុងរយៈពេល​ប៉ុន្មានខែកន្លង​ទៅនេះ ភាពតាន​តឹងរវាងតួកគី​ និងបណ្តា​ប្រទេសអឺរ៉ុប​មួយចំនួន​​បានកើនឡើងយ៉ាង​ក្តៅគគុក​រហូតផ្ទុះជាជម្លោះ​ការទូតថែមទៀតផង ដោយសារតែ​រឿងបោះឆ្នោត​ប្រជាមតិ ដើម្បីធ្វើវិសោធនកម្ម​លើរដ្ឋធម្ម​នុញ្ញ ដែលនឹង​ពង្រីកវិសាលភាព​អំណាចរបស់​ប្រធានាធិបតី​តួកគី៕