(បូកូតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់នៅឯទីក្រុង ​Mocoa នៃខេត្ត Putumayo ស្ថិតភាគ​និរតី​ប្រទេស​កូឡុំប៊ីបានកើនឡើងដល់២៥៤នាក់ ក្នុងនោះរួមមានទាំងកុមារ ៤៣នាក់ផងដែរ រីឯមនុស្សរាប់រយនាក់បានបាត់ខ្លួន និងរងរបួស។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ភ្លៀងធ្លាក់ជាប់គ្នា​ឥតឈប់ឈរ​អស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យ​ទន្លេជាច្រើន​ខ្សែជន់លិច ហើយបង្កជាទឹកជំនន់​បំផ្លិច​បំផ្លាញ​​លំនៅដ្ឋានប្រជាជន ជាមួយភក់ល្បាប់​នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានោះដែរអាជ្ញាកូឡុំប៊ីបានអះអាងថា ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាង​ដែលអាចធ្វើបានដើម្បី​ជួយដល់ជន​រងគ្រោះ ក៏ដូចជាតាមរក​អ្នកបាត់ខ្លួន ស្របពេលចំនួន​អ្នកស្លាប់ត្រូវ​បានគេរំពឹងថា​ អាចនឹងបន្ត​កើនឡើងដល់​ ៣០០នាក់ ពោលគឺរហូតមក​ទល់នឹង​ពេលនេះ​មនុស្សជិត ២០០នាក់ផ្សេងទៀត​នៅបន្តបាត់ខ្លួន​នៅឡើយ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួន​នៅក្នុងស្រុក។

គួរបញ្ជាក់ថាបើតាម​ទីភ្នាក់ងារឧតុនិយមជាតិ​កូឡុំប៊ី ខែមីនាកន្លង​ទៅនេះ​គឺជាខែដែលមានភ្លៀងធ្លាក់​ច្រើនជោគជាំ​ជាងគេបង្អស់​នៅកូឡុំប៊ី គិត​ចាប់​តាំង​ពី​​ឆ្នាំ​២០១១មក៕