(វ៉ាស៊ីនតោន)៖​ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក ហ្សារ៉ែត ឃូស្នើ ដែលត្រូវជាកូនប្រសារប្រុស របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចនៅឯអ៊ីរ៉ាក់ ជាមួយប្រធានសេនាធិការយោធាអាមេរិក លោកឧត្ដមសេនីយ៍ Joseph Dunford។ នេះបើតាម មន្ត្រីជាន់ខ្ពស់សេតវិមានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

មន្ត្រីខាងលើ​ដែលនិយាយក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ បានឱ្យដឹងនៅថ្ងៃអាទិត្យថា លោក ឃូស្នើ បំពេញដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង បាកដាដ ដោយសារតែ​លោកផ្ទាល់ចង់ឃើញប្រទេសអ៊ីរ៉ាក់ ព្រមទំាងចង់បង្ហាញ​ការគាំទ្ររបស់លោក​ដល់កងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការ​ធ្វើសង្រ្គាម ដណ្ដើមយកទីក្រុង​ម៉ូស៊ូលពីពួក ISIS មកវិញ។

គួររំលឹកថា​គ្រាន់តែស្បថចូលកាន់​តំណែងជាប្រធានាធិបតី​អាមេរិកភ្លាម កាលពី​ថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានសន្យាថា​នឹងដាក់ចេញនូវ​យុទ្ធសាស្ត្រថ្មី ដើម្បីវាយកម្ទេច​ក្រុម ISIS នៅស៊ីរី និងអ៊ីរ៉ាក់ ហើយតាម​រយៈការសន្យានេះ​ឯងទើបប្រធានាធិបតី​អាមេរិករូបនេះ បានបង្ហាញពីទំនោរចង់សហការជា​មួយរុស្ស៊ី ពោលគឺធ្វើយ៉ាង​ណាឱ្យតែកម្ទេច​ក្រុមភេរវករ​នេះបាន រឿងអ្វីៗចាំ​ជជែកគ្នានៅ​ពេលក្រោយ បើទោះជាសម្ព័ន្ធមិត្ត​លោកខាងលិច​របស់វ៉ាស៊ីនតោន មិនពេញចិត្ត​ចំពោះទំនាក់​ទំនង​អាមេរិក-រុស្ស៊ីក៏ដោយ៕