(រុស្ស៊ី)៖ ភ្នំភ្លើងចំនួន​ពីរស្ថិតនៅតំបន់ឧបទ្វីប Kamchatka Peninsula ភាគឦសាន​ប្រទេសរុស្ស៊ី បានផ្ទុះឡើង និងបន្តជះកម្អែលផេះឡើងលើផ្ទៃមេឃកម្ពស់ជាង ៧គីឡូម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលបាតុភូតនេះបានបង្កឡើង ដោយសារតែគ្រោះរញ្ជួយដីវាយលុកនៅតំបន់ដែលមានមនុស្សរស់នៅតិច​តួចបំផុតនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ភ្នំភ្លើងទាំងពីរ​ខាងលើនេះមាន​ឈ្មោះថា Kambalny និង Kluchevskoy ដែល Kambalny មានកម្ពស់ ២,១៥៦ម៉ែត្រ​ស្ថិតនៅចុងភាគខាងត្បូងនៃឧបទ្វីប Kamchatka ដែលការផ្ទុះនេះ​គឺជាលើកទីមួយ​ហើយ ក្នុងរយៈពេល ២៥០ឆ្នាំមកនេះ។ សម្រាប់កម្អែល​ផេះរបស់វា បានរសាត់​អណ្តែតក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រ​ទៅកាន់តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា​កាលពីសប្តាហ៍មុននេះ តំបន់ឧបទ្វីភាគឦសានប្រទេសរុស្ស៊ី​ខាងលើ បានទទួលរង​ការវាយប្រហារ​ដោយគ្រោះ​រញ្ជួយដី​កម្រិត ៦.៦រ៉ិចទ័រ និងនៅ​ថ្ងៃចន្ទនេះ វាបាន​បង្កជារំញ័រ ៤.៥រ៉ិចទ័រ​បន្ថែមទៀត ដែលជាហេតុបង្ក​ឲ្យភ្នំភ្លើងខាងលើ​នេះបន្តសកម្មភាព​ជះកម្អែលទៅ​មុខទៀត។ ពុំមាន​សេចក្តីរាយការណ៍​អំពីមនុស្សណាម្នាក់រងគ្រោះ និងការខូចខាត​នៅឡើយទេមកដល់​នឹងពេលនេះ៕