(ម៉ានីល)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅ​ក្នុងប្រទេសហ្វីលីពីនបាននិយាយថា ការគំរាមកំហែងរបស់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងមិនអាចបញ្ឈប់ពួកគេពីការរាយការណ៍ព័ត៌មានពិតនៅក្នុងសង្គម នៃប្រទេសអាស៊ានមួយនេះបាននោះឡើយ។ នេះបើតាមក្រុមសម្ព័ន្ធជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ប្រតិកម្មរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ហ្វីលីពីន​ធ្វើឡើងបន្ទាប់ពី​លោក ឌូតឺតេ បានប្រើពាក្យជេរប្រមាថ និងគំរាម​ប្រើប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​ វាយបកលើបណ្ដាសារព័ត៌មានប្រឆាំងនៅ​ក្នុងស្រុក ដែល​តែងតែរិះគន់​លើសង្រ្គាមប្រយុទ្ធប្រឆាំង​នឹងគ្រឿងញៀន ក៏ដូចជាចុះ​ផ្សាយថា​ប្រធានាធិបតីហ្វីលីពីន​រូបនេះ បានលាក់​បាំងទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​រាប់លានដុល្លារ បើទោះបីជាលោក​បានបដិសេធ​ជាច្រើនលើក​ក៏ដោយ។

លោក ឌូតឺតេ នៅក្នុងសុន្ទរកថា​តាមកញ្ចក់​ទូរទស្សន៍បាននិយាយយ៉ាងដូច្នេះថា​ «អ្នកស្គាល់ទេ? អ្នកសារព័ត៌មាន​ដែលបានសួរសំណួរ​កាលពីថ្ងៃព្រហស្បតិ៍ ពួកគេ​គឺជាមនុស្ស​និយាយកុហុក និងជាសំរាម​ទេតើ ...កូនមីសំផឹង (Son of a bitch)។ ម្យ៉ាងវិញទៀត​ពួកគេ (អ្នកសារព័ត៌មាន​ទាំងនោះ) មិនមាន​ភាពអៀនខ្មាស់​ពិតប្រាកដ​នោះទេ ... ខ្ញុំប្រាប់អ្នក​ទៅចុះ ពួកគេមិនចេះអៀនខ្មាស់ទេ ក្នុងនោះរួមមាន​ទំាងទូរទស្សន៍ ABS-CBN ហើយបើសិនជា​អ្នកនិយាយថា កូនមីសំផឹង នៅក្នុងអត្ថបទ​ចុះផ្សាយ ខ្ញុំនឹងវាយបកទៅវិញ​ដោយនិយាយដូចអ្នកដែរ កូនមីសំផឹង!»

ទោះបីជា​យ៉ាងណា​នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមសម្ព័ន្ធជាតិនៃ​អ្នកសារព័ត៌មាន​ហ្វីលីពីន បានបញ្ជាក់ថា ​ការគំរាមកំហែង​ពីលោក ឌូតឺតេ នឹងមិនអាចបញ្ឈប់​ពួកគេ​ពីការរាយការណ៍​ព័ត៌មានពិត​បាននោះឡើយ ហើយថា​ការលើកឡើង​ទាំងប៉ុន្មាន​របស់លោក ឌូតឺតេ គឺគ្មាន​មូលដ្ឋាន និងខុសទំាង​ស្រុង៕