(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស SpaceX របស់សហរដ្ឋអាមេរិក​បានបង្កើតព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយ​នៅថ្ងៃសុក្រនេះ នៅពេលដែល​បានធ្វើការបង្ហោះ​គ្រាប់រ៉ុក្កែត Flacon 9 ប្រើរួចដែល​ផ្ទុកផ្កាយរណប​ត្រឡប់ទៅកាន់​លំហអាកាសជា​លើកដំបូង ហើយបាន​បញ្ជាវាមកធ្វើការ​ចុះចតនៅ​លើ Droneship ដែលឈរជើង​ក្នុងមហាសមុទ្រអាត្លង់ទិច​ដោយជោគជ័យ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិននៅមុននេះ​បន្តិចនាល្ងាចថ្ងៃសុក្រ​ ទី៣១ ខែមីនា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែតពីរកំណាត់ខាងលើ ដែលផ្ទុកផ្កាយរណបទូរគមនាគមន៍​មួយគ្រឿងទៅកាន់គន្លង​អវកាស ឲ្យក្រុមហ៊ុន​ផ្កាយរណប SES មាន​មូល​ដ្ឋាន​នៅទីក្រុង Luxembourg សហរដ្ឋអាមេរិក ត្រូវបានបាញ់​បង្ហោះនា​វេលាម៉ោង ៦៖២៧នាទី​យប់ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ហើយប្រហែលជា១០នាទីក្រោយមក គ្រាប់រ៉ុក្កែត​កំណាត់ដំបូង​ដែលជា​​ប្រព័ន្ធ​រុញច្រាន បានធ្វើដំណើរត្រឡប់មកធ្វើការចុះចតដោយជោគជ័យ នៅលើនាវាទ្រនាប់​មានឈ្មោះថា «Of Course I Still Love You» ដែល​ឈរជើងនៅ​មហាសមុទ្រ​អាត្លង់ទិច។

គួរបញ្ជាក់ថាយោងតាម​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន SpaceX លោក Elon Musk មធ្យោបាយនេះ​នឹងអនុញ្ញាតឲ្យ​គេធ្វើការបង្ហោះ​ ក៏ដូច​ជា​ប្រើ​ប្រាស់​​ប្រព័ន្ធរុញ​ច្រាន ដែលជាផ្នែក​ដ៏ថ្លៃជាងគេ​បង្អស់របស់គ្រាប់រ៉ុក្កែត​ម្តងហើយម្តង​ទៀតបាន ហើយវានឹង​ក្លាយជាបដិវត្តន៍ដ៏សែន​​អស្ចារ្យមួយ​នៅក្នុងប្រវត្តិសាស្រ្ត​នៃការបង្ហោះយាន​អវកាសក៏ដូច​ជាគ្រាប់រ៉ុក្កែត។ លោក Musk បាននិយាយ​ដូច្នេះថា «ភាពខុសគ្នា​ដ៏សំខាន់​គឺនៅក្នុង​ករណីបើសិន​ជាអ្នកមានយន្តហោះ ហើយត្រូវបោះបង់យន្តហោះនោះ​ចោលនៅក្រោយ​រាល់ពេលហោះហើរ ​និងរវាងអ្នកអាចបន្ត​ប្រើ​ប្រាស់​ឡើងវិញវា​បានជាច្រើនដងទៀត នៅក្រោយ​ការហោះហើរ»៕