(ការ៉ាកាស់)៖ មហាអំណាចមួយចំនួននៅលើសកលលោក បានធ្វើការព្រមានអំពីលទ្ធភាពនៃការកើតមាន រដ្ឋប្រហារក្នុងប្រទេសវេណេស៊ុយអេឡា ខណៈដែលមានសេចក្តីរាយណ៍ថា តុលាការកំពូលប្រទេសអាមេរិកឡាទីនមួយនេះ កំពុងតែបោះជំហានទៅរកការរឹបអូសអំណាចពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ AFP នារសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ការដំណើរការនីតិវិធី​របស់តុលាការកំពូល​វេណេស៊ុយអេឡា​ខាងលើនេះ គឺជាចេតនា​បង្កើនឥទ្ធិពល​ដល់រដ្ឋាភិបាល​របស់ប្រធានាធិបតី​បច្ចុប្បន្នលោក នីកូឡាស់ ម៉ាឌួរ៉ូ ដើម្បី​ពង្រឹងអំណាច​ឡើងវិញ ខណៈដែល​មួយឆ្នាំមកនេះ​អំណាចត្រូវបានរាំងស្ទះដោយសារតែការ​ប្រកួតប្រជែងជាមួយនឹង គណបក្ស​ប្រឆាំង ស្របពេលដែល​ប្រទេសជាតិ​កំពុងតែទទួលរងនូវវិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរផងដែរ។

បណ្តាប្រទេស​ជិតខាងមួយចំនួន និងមន្ត្រីរដ្ឋភិបាល​អាមេរិកដែលតែង​តែរិះគន់មកលើរដ្ឋាភិបាលរបស់ វេណេស៊ុយអេឡា បានសម្តែងការ​ព្រួយបារម្ភ​បន្ថែមទៀត​ទៅលើស្ថិរភាព​នៅក្នុងប្រទេស​សេដ្ឋីប្រេង ប្រចាំ​តំបន់អាមេរិក​ខាងត្បូងមួយនេះ ខណៈដែលវិបត្តិសេដ្ឋកិច្ច​កំពុងតែបង្កឲ្យមាន ការខ្វះខាត​ចំណីអាហារផ្គត់ផ្គង់ ការធ្វើបាតុកម្ម និងអំពីហិង្សា​ ថែមទាំងបទឧក្រិដ្ឋកម្ម​រីកសាយភាពពាសពេញ​ផ្ទៃប្រទេស។

គួរបញ្ជាក់ថាវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រូវបានបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ប្រេស៊ីល, ម៉ីចស៊ីកូ, ប៉េរូ, អាហ្សង់ទីន, ឈីលី, និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំង ពីព្រោះតែភាពស្រដៀងគ្នា​នឹងស្ថានការណ៍​បច្ចុប្បន្ននេះ ក៏ធ្លាប់បាន​កើតមានផងដែរ ដែលជាហេតុ​ធ្វើឲ្យកើតមានចេតនា​បង្ករដ្ឋប្រហារ​ចំនួនបីលើក​មកហើយ គិតចាប់តាំង​ពី​ឆ្នាំ១៩៩២។ ក្រសួងការបរទេស​អាមេរិក​បានហៅថា អ្វីដែលតុលាការ​កំពូលវេណេស៊ុយអេឡា​កំពុងរៀបចំ​ធ្វើការសម្រេច​នោះថាជា «ការដំណើរការលទ្ធិ​ប្រជាធិបតេយ្យ​ថយក្រោយ»៕