(អ៊ីរ៉ង់)៖ ទេសាភិបាលធនាគារ​កណ្តាលរបស់អ៊ីរ៉ង់ (CBI) លោក Valiollah Seif បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Tehran និង Moscow នឹងប្រើប្រាស់រូបិយប័ណ្ណរបស់ពួកគេ នៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

«កិច្ចពិភាក្សាត្រូវបានធ្វើឡើង ជាមួយធនាគារកណ្តាលរបស់រុស្ស៊ី ស្តីពីការតភ្ជាប់ប្រព័ន្ធចំណាយរបស់រុស្ស៊ី ជាមួយនឹងធនាគាររបស់អ៊ីរ៉ង់ ដូច្នេះហើយក្រុមភ្ញៀវទេសចរ អាចមានភាពងាយស្រួល ក្នុងការប្រើប្រាស់ទូរ ATM នៅពេលដែលពួកគេធ្វើដំណើរកម្សាន្ត នៅប្រទេសទាំងពីរ»។ នេះបើតាមការស្រង់សម្តីរបស់លោក Seif។

ធនាគារសំខាន់ចំនួន២របស់រុស្ស៊ីនិងអ៊ីរ៉ង់ បាននឹងកំពុងពិភាក្សាគ្នា ក្នុងការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួន ជំនួសឲ្យរូបិយប័ណ្ណដុល្លារ ដូច្នេះហើយ ក្រុមពាណិជ្ជករនឹងដោះស្រាយប្រតិបត្តិការ ដោយប្រើប្រាស់រូបិយប័ណ្ណ rial និង ruble វិញ។

សូមជំរាបថា ​រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខានៅថ្ងៃអង្គារ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនវិស័យ ក្នុងនោះរួមទាំងវិស័យថាមពលផងដែរ ខណៈលោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ក្នុងដំណើរទស្សនៈកិច្ច ទៅកាន់រដ្ឋធានី Moscow៕