(សិង្ហបុរី)៖ មនុស្ស៨១នាក់ត្រូវបានឃាត់ខ្លួនដោយប៉ូលិសសិង្ហបុរី ដោយសាតែជនទាំងអស់នេះជាប់សង្ស័យថា មានពាក់ព័ន្ធក្នុងករណី​​ឆបោក​ដល់ទៅចំនួន២៤៤លើក ដែលមានសាច់ប្រាក់សរុបមិនក្រោម១.៤លានដុល្លារ​សិង្ហបុរីនោះឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសសិង្ហបុរីបានឲ្យដឹងថាបុរស៤៦នាក់រួមនិងស្រ្តីចំនួន៣៥នាក់ ត្រូវបានចាប់ខ្លួន​នៅក្នុងអំឡុងប្រតិបត្តិការរយៈពេលបីថ្ងៃមួយដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេមានអាយុចន្លោះ​​ពី១៦ដល់៦៥ឆ្នាំ។ ជនសង្ស័យទាំង៨១រូបកំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់បទល្មើសនៃការឆបោកនិងការលាងលុយកខ្វក់ ហើយបើសិនជាត្រូវបាន​រកឃើញថាពិតជាមានទោស​ប្រាកដមែននោះ ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ ជាមួយការពិន័យជាប្រាក់​៥០០,០០០ដុល្លារសិង្ហបុរី​ថែមទៀតផង។

ជាចុងក្រោយកម្លាំងប៉ូលិសនៃប្រទេសសិង្ហបុរី បានប្តេជ្ញាថាពួកគេនឹងនៅតែខិតខំប្រឹងប្រែង​បើកប្រតិបត្តិបង្រ្កាបបែបនេះ​តទៅទៀត និងប្រើ​​ប្រាស់ចំណាត់ការយ៉ាងតឹងរ៉ឹង​ប្រឆាំងរាល់ភាគីទាំងឡាយណាដែលមានជាប់ទាក់ទិនជាមួយទង្វើឆបោក៕