(កំពង់ចាម)៖ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ។

នាយឧត្តមសេនីយ៍ ម៉ាឈឿន បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញ ចុះសំណេះសំណាល និងពង្រឹឹងសកម្មភាពប្រធាន និងអនុប្រធានបក្ស នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាមនៅថ្ងៃទី៣០  ខែមីនា ឆ្នាំ២០១៧នេះ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ថ្លែងបន្ដថា សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ឲ្យបានគ្រប់ៗគ្នា ហើយត្រូវភ្ជាប់ជាមួយនឹង អត្ដសញ្ញាណបណ្ណទៅផង ដែលការជ្រើសរើសរបស់បងប្អូន ជាការចូលរួមចំណែកដ៏ធំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចជាសព្វថ្ងៃនេះចឹង។

ទន្ទឹមនឹងនោះ លោកក៏បានថ្លែងទៅកាន់ប្រធាន-អនុប្រធានបក្ស រួមទាំងបេក្ខជនឈរឈ្មោះ បោះឆ្នោត ទាំងពេញសិទ្ធិ និងបម្រុង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤  ជិត១,០០០នាក់ ថា «ក្នុងនាមយើងជាប្រធាន-អនុប្រធានបក្ស រួមទាំងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជន ចំនួន១៣ចំនុច រួមមាន៖ ឃុំ សង្កាត់ ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង ២.៨% នៃចំណូលចរន្ដថវិកាជាតិប្រចាំឆ្នាំ ហើយអត្រានេះ​នឹងត្រូវបង្កើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍឃុំ សង្កាត់, ខិតខំកាត់បន្ថយ អត្រាការប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុ ឲ្យស្ថិតនៅក្នុងកម្រិត សមរម្យ និងពង្រីកកិច្ចការពារ ប្រជាជនក្រីក្រ ដែលជាខ្ចីប្រាក់ ពីស្ថាប័ន មីក្រូហិរញ្ញវត្ថុ, តម្លៃបណ្ដាញអគ្គិសនី ទឹក សំាង ចុះថោក, ប្រជាពលរដ្ឋ ដែលគ្មានដីធ្លីរស់នៅ និងផ្ដល់ដីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈ ការអនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច, អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងគោលការណ៍សំខាន់ៗជាច្រើនទៀត ដែលនឹងជួយឲ្យស្ថានភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរបន្ថែមទៀតចាំពីថ្ងៃទី១ ខែមេសាខាងមុខនេះតទៅ»

លើសពីនោះ លោកក៏ថ្លែងសង្កត់ធ្ងន់ៗថា សូមបងប្អូនយើងនៃបក្សទាំងអស់ ចូលរួមថែរក្សា​សន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង គ្រប់ពេលវេលា គ្រប់ទីកន្លែង និងចេះវាយបកភ្លាមៗនូវការរិៈគន់គ្មានមូលដ្ឋានច្បាស់លាស់ ពីបុគ្គលខិលខូចមួយចំនួន ដែលតែនិយាយកុហកគ្មានការពិត និងបោកប្រាស់ប្រជាជនកន្លងមក៕