(ម៉ូស៊ូល)៖ ស្របពេលដែលកំពុងដើរមើលស្ថានភាព នៅតាមតំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញ នៅក្នុងទីក្រុងម៉ូស៊ូល ទីភ្នាក់ងារព័ត៌​មាន Russia Today (RT) មានលទ្ធភាពប្រមូលបានភស្តុតាង ជាច្រើនបន្ថែមទៀតដែលគាំទ្រសេចក្តីរាយការណ៍ របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ដែលបានចោទប្រកាន់កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិករួមជាមួយ និងរដ្ឋាភិបាល ប្រទេសអ៊ីរ៉ាក់ថា​បាន​ធ្វើការទម្លាក់​គ្រាប់បែកឥតត្រាប្រណី សំដៅកម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS សូម្បីតែទៅលើផ្ទះសម្បែងដែលមាន​ប្រជាជនស៊ីវិលស្លូត​ត្រង់​នៅ​ក្នុង​នោះ។ នេះបើតាមការចេញផ្សាយ ព័ត៌មាននៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

បន្ថែមពីលើសំឡេងផ្ទុះ​ និងស្នូរកាំភ្លើង​ដ៏កងរំពងពី​ចម្ងាយ ក្រុមការងាររបស់​ទីភ្នាក់ងារ​ព័ត៌មាន RT បានឃើញ​កងយន្តហោះចម្បាំង​​អន្តរ​ជាតិ​ ដឹកនាំដោយ​សហរដ្ឋអាមេរិក​ហោះទៅមកពីលើ​ទីក្រុងម៉ូស៊ូល​ជារៀងរាល់​ពេលចន្លោះពី ០៥ទៅ១០នាទី​នាយប់ថ្ងៃអង្គារ​សប្តាហ៍នេះ ហើយពួកគេ​ថែមទាំងប្រទះឃើញ​ដោយផ្ទាល់​ភ្នែក​ នូវឧទ្ធម្ភាគចក្រ​អ៊ីរ៉ាក់មួយ​គ្រឿង កំពុងបាញ់​មីស៊ីលជាច្រើន​គ្រាប់សំដៅ​ទៅកាន់​ក្រុម​សកម្មប្រយុទ្ធ ISIS និងបាន​ស្តាប់រឿងរ៉ាវ​ដ៏គួរឲ្យរន្ធត់​ស្តីការប្រើប្រាស់​ប្រជាជនស្លូតត្រង់​ជាចំណាប់ខ្មាំង​ នៅអំឡុង​ការវាយប្រហារ​​តាម​ផ្លូវអាកាស​របស់ក្រុមភេរវករ​ដ៏ឃោរឃៅ​នេះទៀតផង។

តែផ្ទុយទៅវិញ​ជំនួសការជួយរៀបចំច្រក​ផ្លូវមនុស្សធម៌ សម្រាប់ឲ្យ​ប្រជាជនស៊ីវិល​ចាកចេញពី​ទីក្រុងម៉ូស៊ូល ​យោងតាម​ការ​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ របស់អង្គការ​លើកលែង​ទោសអន្តរជាតិ​នាដើមសប្តាហ៍​នេះ រដ្ឋាភិបាលអ៊ីរ៉ាក់​បែរជាបាន​ទទូចឲ្យអ្នករស់នៅ​​ក្នុង​ទីក្រុង​ បន្ត​​ស្នាក់នៅ​ក្នុងលំនៅឋាន​របស់ពួកគេ​ទៅវិញ។ ជាអកុសល​សម្រាប់ប្រជាជន​ស្លូតត្រង់​ទាំងនោះ​ ភាគច្រើន​ផ្ទះសម្បែង​របស់ពួកគេ​ដែល​ត្រូវ​បានចាត់​ទុកថា​​ជាទីសុវត្ថិភាព​នោះ បានក្លាយ​ជាកន្លែងកប់​សាកសពរបស់​ពួកគេ​ទៅវិញ ដោយសារតែ​កងកម្លាំងអ៊ីរ៉ាក់​ និងសហរដ្ឋអាមេរិក​នៅតែបន្ត​បើកការវាយប្រហារ​ដោយទម្លាក់​គ្រាប់បែក​ចំលើលំនៅឋាន​របស់ពួកគេ។

ស្រ្តីម្នាក់ជាមួយ​ និងកូនតូចបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន RT យ៉ាងដូច្នេះថា «នៅពេលដែល​យើងស្ថិតនៅផ្ទះ​របស់យើង វាត្រូវបាន​វាយ​​ប្រហារ​​ដោយគ្រាប់បែក។ បន្ទាប់មក​ទៀតក៏បានភៀសខ្លួន​ទៅកាន់ផ្ទះឪពុក​ម្តាយយើង ប៉ុន្តែវា​ក៏ត្រូវបាន​ទទួលរងការបំផ្លិច​បំផ្លាញដោយ​គ្រាប់មីស៊ីល​ទៀត។ គ្រប់ទីកន្លែង​ដែលយើងទៅ យើងនឹងទទួល​រងការទម្លាក់គ្រាប់​បែកជានិច្ច»

ដោយឡែកបន្ទាប់ពី​អង្គការលើកលែង​ទោសអន្តរជាតិ​ បានចេញ​សេចក្តីរាយការណ៍​ជុំវិញបញ្ហានេះ ក្រសួងការពារជាតិអាមេរិក​ក៏បានទទួល​ស្គាល់​ដែរថា ប្រតិបត្តិការ​តាមផ្លូវអាកាស​របស់ខ្លួនប្រហែល​ជាបានចូល​រួមចំណែកក្នុង​កំណើននៃ​ការបាត់បង់ជីវិត​ របស់ប្រជាជនស៊ីវិល​នៅក្នុងទីក្រុង​ម៉ូស៊ូល។ មេទ័ព​អាមេរិកមួយ​រូបគឺលោក Steve Townsend បានថ្លែងថា «បើសិនជាជន​ស្លូតត្រង់ទាំងនោះ​បានស្លាប់​ក្រោម​​ស្នាដៃរបស់កងកម្លាំង​ចម្រុះអន្តរជាតិ​ពិតមែន​នោះ វាគ្រាន់តែ​ជាគ្រោះថ្នាក់​ដោយអចេតនា​នៃសង្រ្គាម​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា​ប្រជាជនប្រមាណ​ជាកន្លះលាននាក់​ទៀត កំពុងបន្ត​ជាប់នៅក្នុងតំបន់​នៃទីក្រុងម៉ូស៊ូល ដែលស្ថិតក្រោម​ការកាន់កាប់របស់​​ក្រុម​សកម្ម​ប្រយុទ្ធ ISIS នៅឡើយ ហើយពួកគេ​ក៏កំពុងតែប្រឈមមុខ​នឹងការខ្វះខាត​ស្បៀងអាហារ ក៏ដូចជា​ទឹកស្អាត​និងចរន្តអគ្គិសនី​ប្រើប្រាស់​ផងដែរ ខណៈមនុស្ស​ចន្លោះពី​ ៨,០០០នាក់ទៅ១២,០០០នាក់ បានរត់ភៀស​ខ្លួនចេញពីទីក្រុងនេះ​ជារៀង​រាល់ថ្ងៃ៕