(ប៉ារីស)៖​ ក្រុមបាតុកររាប់រយនាក់ភាគច្រើនមកពីសហគមន៍ជនជាតិចិន បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅខាង​មុខស្ថានីយ៍​ប៉ូលិសក្នុងទីក្រុងប៉ារីសបីយប់ជាប់ៗគ្នា ដើម្បីទាមទារឱ្យប៉ូលិសបារាំង បញ្ជាក់ពីហេតុផលបាញ់​សម្លាប់បុរស​ជាជនជាតិ​ចិនមា្នក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

បាតុកម្មដោយសន្តិវិធីកាលពី​យប់ថ្ងៃពុធ​ បានប្រែក្លាយជាការប៉ះទង្គិចគ្នា​ដោយហិង្សាជាមួយកម្លាំងប៉ូលិស បន្ទាប់ពីក្រុមបាតុករបានពង្រាយសំរាមពាសពេញផ្លូវ ជាហេតុបង្ខំ​ឱ្យអាជា្ញធរប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែក​ដើម្បីបំបែក​ហ្វូងបាតុករ ដោយបានបង្កឱ្យបាតុករជាច្រើននាក់រងបួស។ ដោយឡែកជុំវិញ ភាពចម្រូង​ចម្រាស់នេះដែរ​ថ្លែងប្រាប់ Russian Today ​ក្មួយប្រុស​ជនរងគ្រោះ​ដែលត្រូវប៉ូលិស​បារាំង​បាញ់សម្លាប់បានិយាយថា «យើងចង់ដឹងការពិត​ថា​ ហេតុអ្វីបាន ជាប៉ូលិសបាញ់​សម្លាប់រូប​គាត់... ហើយខ្ញុំ​ពិតជាគ្មានយោបល់ឡើយ​ចំពោះ​ហេតុផល ក៏ប៉ុន្តែយើង​មកទីនេះ​ដើម្បីស្នើ​សុំការពន្យល់»

គួរបញ្ជាក់ថា​បុរសជនជាតិ​ឈ្មោះ Shaoyo Liu អាយុ៥៦ឆ្នាំ ត្រូវបាន​ប៉ូលិសបាញ់​សម្លាប់កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន នៅផ្ទះ​របស់លោក​ផ្ទាល់តែ ដោយសារូបលោកបានយក​កន្តៃ្រចាក់​ប៉ូលិសឱ្យរបួស។ ក៏ប៉ុន្តែផ្ទុយ​ការលើក​ឡើងនេះ ក្រុមគ្រួសារលោក Shaoyo Liu បានបញ្ជាក់ថា លោកមិនបានចាក់​នរណាម្នាក់ឱ្យ​របួសឡើយ ហើយកន្ត្រៃ​កាន់នៅក្នុងដៃ​នោះ គឺលោកទុកសម្រាប់​កាត់ត្រីចំអិន​ម្ហូបតែ​ប៉ុណ្ណោះ៕