(ហួស្តុន)៖ មនុស្ស១២នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀតទទួលរងរបួសនៅក្នុងហេតុការណ៍រថយន្តក្រុង​ដឹកអ្នកដំណើរខ្នាតតូចបុកនឹងរថយន្តភីកអាប់ដឹកទំនិញ ស្ថិតនៅក្នុងរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋ​អាមេរិក នៅថ្ងៃពុធ ទី២៩ ខែមីនា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

ហេតុការណ៍​ដ៏គួរឲ្យតក់ស្លុត​ខាងលើនេះ​បានកើតឡើងនាវេលា​ម៉ោង ១២៖២០នាទីកណ្តាល​ថ្ងៃត្រង់ ស្ថិតនៅក្បែរ​ចំណតរថយន្ត​របស់រដ្ឋដែល​មានចម្ងាយ ១២០គីឡូម៉ែត្រពីទីក្រុង San Antonio ភាគកណ្តាល​នៃរដ្ឋតិចសាស់​តែម្តង។ រថយន្តក្រុង​តូចខាងលើនេះ​ជាកម្មសិទ្ធិរបស់ព្រះវិហារមួយ ដែលបានដឹក​អ្នកដំណើរ​សរុប១៤នាក់ពី​ព្រះវិហារនៃក្រុង New Braunfels ធ្វើដំណើរតាមដង​ផ្លូវហៃវេយ៍ ៨៣ នៃភាគ​កណ្តាលរដ្ឋ ហើយក៏បានបុកជុលមុខ​នឹងរថយន្តភីកអាប់ដឹកទំនិញ​ ដែលមានអ្នកបើកបរ​តែម្នាក់នៅក្នុងនោះ​តែម្តង។

គួរបញ្ជាក់ថាអភិបាល​រដ្ឋតិចសាស់លោក Greg Abbot និងភរិយាបាន​ប្រកាសសម្តែង​មរណៈទុក្ខជូនដល់​ក្រុមគ្រួសារជនរងគ្រោះទាំងអស់។ ដោយឡែក​ទីភ្នាក់ងារសន្តិសុខសាធារណ​របស់រដ្ឋតិចសាស់ ក៏កំពុងតែ​បើកប្រតិបត្តិការ​ស៊ើបអង្កេតលើករណី​គ្រោះថ្នាក់ ដ៏កម្រកើតមាននេះផងដែរ៕