(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo នៅថ្ងៃពុធនេះបានបង្គាប់ឲ្យ ពលទាហានគ្រប់រូបមានការស្ទាក់ស្ទើអ្វីឲ្យ​សោះ ក្នុងការចាត់វិធានការឆ្លើយតបទៅវិញតាមការគួរ បើសិនជាមានការវាយប្រហារណាមួយពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

ក្នុងឱកាស​នៃការត្រួតពិនិត្យ​មូលដ្ឋានការពារ​តាមឆ្នេរសមុទ្រ របស់កងពលធំថ្មើ​រជើងទី៣២ នៃកងទ័ពជើងគោក លោក Han បានសង្កត់ធ្ងន់​អំពីភាពចាំបាច់​នៃកាយវិការ​ត្រៀមប្រយុទ្ធ​ដ៏ល្អឥតខ្ចោះមួយ​ទាំងជួរមុខ និងនៅជួរក្រោយនៃ​កម្លាំងយោធា។ លោករដ្ឋមន្រ្តី​បានថ្លែងថា «ភាពគ្មានសណ្តាប់ធ្នាប់​ ឬរបៀបរៀបរយ​មិនត្រូវ ឲ្យកើតមានឡើងជាដាច់ខាតនៅក្នុង​ជួរកងទ័ព ខណៈសកម្មភាពញុះញង់​បង្ករឿង​ណា​មួយ​ពីសំណាក់កូរ៉េខាងជើង​ ពុំអាចអត់ឱនឲ្យបាននោះ​ឡើយ»

បន្ថែមពីនេះលោក Han បានស្នើយ៉ាងទទូច​ដល់កម្លាំងយោធា​គ្រប់ជាន់​ថ្នាក់​ ឲ្យត្រៀមលក្ខណៈ​រួចរាល់​ជានិច្ច សម្រាប់ការបំពេញ​ប្រតិបត្តិ​ការ​​ក្តៅៗបាន ​នៅក្នុងពេលដ៏សំខាន់បំផុតប្រកបដោយ​ប្រសិទ្ធភាព ដោយបានក្រើនរំលឹក​ពីស្ថានការណ៍​សន្តិសុខដ៏អាប់អួរ​នៅ​ឧប​ទ្វីប​កូរ៉េ​ដូច​បច្ចុប្បន្ន​នេះ។

គួរបញ្ជាក់ថា​ប្រទេសកូរ៉េខាងជើង​ក្រោមរបប​នៃប្រមុខដឹកនាំកំពូល​ផុតលេខ​លោក គីម ជុងអ៊ុន ដែលបាន​បន្តស្ថិតនៅក្នុង​​លក្ខណៈ​​បង្ក​រឿង​​រហូត​មកនោះ បានធ្វើការបាញ់​សាកល្បងគ្រាប់​មីស៊ីល, បំផ្ទុះអាវុធ​នុយក្លេអ៊ែរ, និងធ្វើសង្រ្គាម​វោហារសាស្រ្ត​ជាបន្តបន្ទាប់៕