(​វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ UN​ បានឱ្យដឹងថា មនុស្សជិត២០លាននាក់ កំពុងត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ ​នៅក្នុងប្រទេសចំនួន០៤ ដូចជាយ៉េមែន ស៊ូដង់ខាងត្បូង សូម៉ាលី និង​​តំបន់​ភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះបើតាមដកស្រង់ព័ត៌មានពី CNN នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

ជុំវិញវិបត្តិ​ស្បៀងអាហារនេះដែរថ្លែងប្រាប់ក្រុមប្រឹក្សា​សន្តិសុខ UN អ្នកសម្របសម្រួល​ផ្នែកសង្រ្គោះបន្ទាន់ លោក Stephen O'Brien បាននិយាយថា «យើងកំពុង​ស្ថិតនៅចំណុច​ដ៏សំខាន់មួយ​នៃប្រវត្តិសាស្រ្ត នៅក្នុងបរិបទ​ដែលវិបត្តិមនុស្សជាតិបាន និងកំពុងរីកកាន់តែធំ​អស់រយៈពេលជាច្រើន​ឆ្នាំមកនេះ ចាប់តំាង ពីការបង្កើត​អង្គការសហប្រជាជាតិ»។

គួរបញ្ជាក់ថា​គ្រាន់តែនៅស៊ូដង់ខាងត្បូង​តែមួយប៉ុណ្ណោះ មនុស្សជិត ១០០,០០០នាក់ ទៅហើយ កំពុងប្រឈមមុខ​វិបត្តិខ្វះស្បៀងអាហារ រីឯមនុស្សប្រមាណ ៥លាននាក់ ឬច្រើនជាង៤០ភាគរយ នៃប្រជាជនស៊ូដង់ខាងត្បូង​ត្រូវការជំនួយជាបន្ទាន់ ខណៈយ៉េមែន សូម៉ាលី និង​​តំបន់ភាគឦសាន​ប្រទេស នីហ្សេរីយ៉ា ក៏កំពុងប្រឈមមុខនឹងស្ថានភាព​អាក្រក់ដូចគ្នានេះដែរ។

វិបត្តិដែលបង្កឲ្យមានជាការភៀសខ្លួន និងជនរងគ្រោះដោយភាពអត់ឃ្លានរាប់សិបលាននាក់ខាងលើនេះ គឺដោយសារតែសង្គ្រាមហែកហួរ, ការគេចចេញពីតំបន់អសន្តិសុខ, និងវិបត្តិសេដ្ឋកិច្ចដូចជានៅ​ស៊ូដង់ខាងត្បូង ដែលពុំត្រូវបានដោះស្រាយដោយត្រឹមត្រូវ៕