(សេអ៊ូល)៖ លោក Chung Ku-youn ជាអ្នកស្រាវជ្រាវមួយរូបមកពីវិទ្យាស្ថានកូរ៉េដើម្បីការរួបរួមជាតិ (KINU) បានវាយតម្លៃថា កូរ៉េខាងជើងមានយន្ដហោះគ្មានមនុស្សបើក ឬ Drone ច្រើនជាង១,០០០គ្រឿង ដែលអាចនឹងត្រូវប្រើប្រាស់ ដើម្បីវាយប្រហារមកលើកូរ៉េខាងត្បូងនៅថ្ងៃណាមួយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់លោក Chung Ku-youn​ ធ្វើឡើងដោយ​ផ្អែកលើសៀវភៅ​មួយក្បាលបោះពុម្ភ​ផ្សាយកាលពី​ខែធ្នូ ឆ្នាំ២០១៦ មានចំណង​ជើងថា «ការច្នៃប្រឌិត​វិទ្យាសាស្ត្រ-បចេ្ចកវិទ្យា និងការគំរាមកំហែង​ពីកូរ៉េខាងជើង»។  អ្នកស្រាវជា្រវ​រូបនេះ បានលើកឡើង​ដូច្នេះថា​ «កូរ៉េខាងជើង​ក៏មានលទ្ធភាព​ក្នុងការបំពាក់​អាវុធគីមី នៅលើយន្ដហោះគ្មាន​មនុស្សបើក (Drone) ទុកវាយប្រហារ​លើកូរ៉េខាងត្បូង ពោលបើនិយាយ​ឱ្យចំទីក្រុងព្យុងយ៉ាង​អាចមានយន្ដហោះ Drone ប្រភេទ​ផ្សេងៗគ្នា​ច្រើនជាង១,០០០គ្រឿង»

គួរបញ្ជាក់ថា​ចាប់តាំងពីដើមឆ្នាំ១៩៩០ កូរ៉េខាងជើង​ត្រូវបានគេជឿជាក់ថា អាចផលិតបាន​យន្ដហោះ Drone ជាច្រើនគ្រឿង​ក្នុងនោះរួមមាន​ទំាងប្រភេទ Banghyun មានសមត្ថភាពហោះហើរ​ក្នុងល្បឿនអតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកទម្ងន់​ពី២០ ដល់២៥គីឡូក្រាម ខណៈបច្ចុប្បន្ន​កូរ៉េខាងជើង​បានឈានដល់ការអភិវឌ្ឍ​យន្ដហោះ Drone Banghyun 5 ហើយដែលអាចបំពាក់​ឧបករណ៍មានជាតិផ្ទុះ និងជាតិវិទ្យុសកម្ម​ផងដែរ៕