(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានឲ្យនៅថ្ងៃអង្គារនេះថារូបលោក បានធ្វើការជ​ជែក​ពិភាក្សាអំពីលទ្ធភាពនៃការទិញយន្តហោះចម្បាំងធុន Rafale ពីក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation ជាមួយប្រធានាធិបតី​បារាំងលោក ហ្រ្វង់ស័រ ហូឡង់ ប៉ុន្តែនៅតែពុំទាន់បានធ្វើការសម្រេចចិត្តដាច់ស្រេចនៅឡើយនោះទេ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​រួមរបស់មេដឹកនាំប្រទេស​ទាំងពីរ នៅអំឡុងដំណើរទស្សនកិច្ចរបស់លោក ហ្រ្វង់ស័រ ហូឡង់ មកកាន់ប្រទេស​ម៉ាឡេស៊ីនាថ្ងៃអង្គារនេះ​លោក ណាជីប រ៉ាហ្សាក់ បានបញ្ជាក់ថា «ពួកយើងមិនទាន់​បានត្រៀមលក្ខណៈ​រួចរាល់នៅ​ឡើយទេ ដើម្បីធ្វើការ​​សម្រេចចិត្តពាក់ព័ន្ធនឹងរឿងនេះ ប៉ុន្តែយើងបានកត់សម្គាល់​អំពីជោគជ័យ​នៃការទិញដូរយន្តហោះនេះ​នៅក្នុងប្រទេស​ដទៃៗទៀត»

គួរបញ្ជាក់យន្តហោះចម្បាំងធុន Dassault Rafale ដែលមានន័យថា «ផ្លេកបន្ទោរ» គឺជាយន្តហោះចម្បាំង​ប្រភេទម៉ាស៊ីនភ្លោះ​ដែលត្រូវបាន​រចនានិងផលិតឡើង​ដោយក្រុមហ៊ុន​ផលិតយន្តហោះ Dassault Aviation របស់ប្រទេស​បារាំង។ យន្តហោះចម្បាំង Rafale ត្រូវ​បាន​បង្ហាញ​ខ្លួនជាលើកទីមួយ​កាលពីពាក់កណ្តាលឆ្នាំ២០០១ ពោលគឺតាំងពីជិត១៦ឆ្នាំមុន ក៏ប៉ុន្តែវានៅតែមានសមត្ថភាពខ្ពស់ក្នុងសមរភូមិដដែល។ ​យន្តហោះចម្បាំង Rafale មានបីប្រភេទគឺប្រភេទ Rafale B (តម្លៃ៨០លានដុល្លារ និងមានកៅអីពីរសម្រាប់កងទ័ពជើងអាកាសបារាំង), Rafale C (តម្លៃជិត៧៥លានដុល្លារ និងមានកៅអីតែមួយសម្រាប់កងទ័ពជើងអាកាសបារាំង), Rafale M (តម្លៃជិត​៨៦​លានដុល្លារ ប្រើលើ​នាវា​ផ្ទុក​​​យន្ត​​ហោះ​ចម្បាំង សម្រាប់ធអង្គភាពហោះហើរនៃកងទ័ពជើងទឹកបារាំង)៕