(ម៉ានីល)៖ ការផ្ទុះដ៏ខ្លាំងក្លានៅលើទូកមួយគ្រឿងនៅក្នុងទីក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីន បានឆក់យកជីវិតមនុស្សចំនួន​០៥នាក់ និងបណ្តាលឲ្យ០៤នាក់ផ្សេងទៀតរងរបួសជាទម្ងន់។ នេះបើតាមសម្តីរបស់មន្ត្រីយោធាហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់​ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

លោកវរសេនីយ៍ Alvin Dagalea មេបញ្ជាការ​នៃកងល្បាតឆ្នេរ​សមុទ្រក្នុង​ទីក្រុង Zamboanga  បានហេតុផ្ទុះ​ដ៏កក្រើកខាងលើបាន​កើតឡើង​នៅវេលាម៉ោង​ ៨៖២០នាទីយប់​ថ្ងៃចន្ទម្សិលមិញ​នេះ ខណៈពេលដែល​ទូកល្បឿនលឿន​មួយគ្រឿង​ កំពុងចូលចាក់សាំង​នៅចំណតឯកជនមួយ​កន្លែង​ក្នុងទីក្រុង Zamboanga ដែលជាទីក្រុង​ជាប់មាត់សមុទ្រ​នៅភាគខាងត្បូង​ហ្វីលីពីន។

គួរបញ្ជាក់ថា​មនុស្សចំនួន០៥នាក់​នៅលើទូក​ ត្រូវបានអណ្តាតភ្លើង​ឆាបឆេះខ្លោចខ្ទេចមើលពុំយល់ ហើយកងការពារ​ដែនសមុទ្រហ្វីលីពី ​កំពុងតែត្រួតពិនិត្យ​ទៅលើមូលហេតុ​ ដែលបានបង្កឲ្យមានការផ្ទុះឆេះ​ទូកមួយគ្រឿង​នេះ៕