(ស៊ីដនី)៖ ប្រជាជនអូស្ត្រាលីនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងខ្យល់ព្យុះ ស៊ីក្លូន Debbie ដ៏កំណាចមួយ​ដែលត្រូវបានគេរំពឹងថា អាចនឹងបក់បោកមកដល់ភាគខាងជើងនៃរដ្ឋមួយនេះ នៅចន្លោះទីក្រុង Mackay និងទីក្រុង Townsville នៅវេលាម៉ោងប្រមាណ ១៤៖០០នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

យោងតាម​អាជ្ញាធរ​អូស្ត្រាលី ខ្យល់ព្យុះស៊ីក្លូន Debbie នឹងបក់បោកក្នុងល្បឿន​ ២៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង​ជាមួយនឹងល្បឿនកន្ទុយ ១៧៥គីឡូម៉ែត្រក្នុង​មួយម៉ោង។ ព្រមពេលជាមួយគ្នាអាជ្ញាធរ បានបញ្ជូនក្រុម​អ្នកជួយសង្រ្គោះ​ ២,០០០នាក់ ទៅកាន់តំបន់​ដែលត្រូវបានគេរំពឹងថា​នឹងត្រូវវាយប្រហារ​ដោយខ្យល់ព្យុះ ខណៈមន្ទីរពេទ្យ ៦០០កន្លែង​បានត្រៀមខ្លួនរួចជា​ស្រេចដើម្បីជួយ​ដល់អ្នករង​របួស។

គួរបញ្ជាក់ថាមនុស្សច្រើនជាង ២៥,០០០នាក់ ត្រូវបានជម្លៀស​ទៅកាន់ទីទួល​មានសុវត្ថិភាព​ក្នុងរយៈពេល២៤ម៉ោងចុង​ក្រោយនេះ។ ស៊ីក្លូន Debbie ត្រូវបានចាត់ចូលទៅក្នុងព្យុះកំណាចលំដាប់ទី៤ ដែលអាចនឹងបង្កការគំរាមកំហែងខ្លាំង ទៅលើរដ្ឋភាគឦសានរបស់អូស្ត្រាលីមួយនេះ៕