(ណៃពិដោ)៖ នាពេលថ្មីៗនេះប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធពិធី ដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដែលមានការបង្ហាញសព្វា​វុធ​​ទំនើបៗជាច្រើនប្រភេទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា​ព្រឹក​ថ្ងៃ​អង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

ជារៀងរាល់ឆ្នាំ​នៅថ្ងៃទី២៧ ខែមីនា យោធាមីយ៉ាន់ម៉ា​ដែលត្រូវបានគេ​ស្គាល់ថា Tatmadaw បានធ្វើការ​បង្អួត និងបង្ហាញ​នូវកិត្យានុភាពរបស់​ខ្លួន​​នៅអំឡុងពិធី​អបអរសាទរកងទ័ព​មានឈ្មោះថា Armed Forces Day។ យ៉ាងណាមិញ​ថ្ងៃដ៏វិសេសមួយនេះ​ដែលមានឈ្មោះ​ដើមថា «ទិវា​នៃ​អ្នក​​តស៊ូ (Resistance Day)» រំលឹកដល់​ការចាប់ផ្តើម​ដំបូងនៃការខិតខំ​តស៊ូឥតរួញរា​របស់កងទ័ព​មីយ៉ាន់ម៉ា ប្រឆាំង​នឹង​​ការ​គ្រប់​គ្រង​របស់​ប្រទេស​ជប៉ុនកាលពី​ឆ្នាំ១៩៤៥។ ចំណែកឯ​ឆ្នាំនេះ​ដែលត្រូវជា​ឆ្នាំទី៧២​ នៃពីធី​គម្រប់ខួបដ៏​ឱឡារឹកនេះវិញ​ ក៏ពុំបាន​ធ្វើឲ្យខកបំណង​ផងដែរ ដោយកម្លាំង​យោធាគ្រប់​កងអង្គភាព​បានរួមគ្នា​ ដើម្បីបង្ហាញពី​អានុភាពនៃវិស័យយោធា​របស់ប្រទេស​អាស៊ាន​មួយនេះ។

គួរបញ្ជាក់ថា​ពិធីដង្ហែរក្បួនព្យុហយាត្រា​ខាងលើនេះ បានប្រព្រឹត្តទៅ​នៅក្នុងរដ្ឋធានី​ណៃពិដោ ក្រោមអធិបតីភាព​អគ្គមេបញ្ជាការ​​នៃ​កង​​ទ័ព​មីយ៉ាន់ម៉ា​ នាយឧត្តមសេនីយ៍ Min Augn Hlaing។ ជាមួយគ្នានេះដែរ​នាឱកាសមាន​ការដើរក្បួន​កងទ័ព រួមទាំងការ​​បង្ហាញ​សព្វា​វុធ​ទំនើបៗ​​ជា​ច្រើន​​​ដូច​​​​ជា​​ រថ​ក្រោះ​ និង​ប្រព័ន្ធបាញ់​​មីស៊ីល៕