(អ៊ីរ៉ាក់)៖ នាពេលថ្មីៗនេះអ្នកយកសារព័ត៌មានរុស្ស៊ីរបស់ទីភ្នាក់ងារ Russian Today លោក Murad Gazdiev បានទៅយកព័ត៌មាន ក៏ដូចជាត្រួតពិនិត្យនៅតាមដងផ្លូវនានា នៃទីក្រុងម៉ូស៊ុលរបស់ប្រទេសអ៊ីរ៉ាក់ ដើម្បីវាយតម្លៃពីការខូតខាត ដែលបង្កឡើង ដោយការវាយប្រហារតាមផ្លូវការអាកាស ពីសំណាក់ក្រុមចំរុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយ Russian Today នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

យោងតាមលោក Murad Gazdiev ទីក្រុងម៉ូស៊ុល ដែលជា​មូលដ្ឋានចុងក្រោយ​របស់ក្រុម ISIS នៅអ៊ីរ៉ាក់ ស្ទើរតែត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈកងកម្លំាងអ៊ីរ៉ាក់​កំពុងវាយរុល​ទៅមុខ​ដើម្បីរំដោះតំបន់ប៉ែក​ខាងលិច​ នៃទីក្រុងដ៏កំសត់​មួយនេះ។ ចំណែកឯ យន្ដហោះ​ចម្បាំង​នៃក្រុមចំរុះ​នៅតែបន្តហោះឆ្វែលពីលើ​ទីក្រុង។ ដោយឡែក​ថ្លែងប្រាប់ RT កងទ័ពអ៊ីរ៉ាក់ បាននិយាយថា​ ពួកគេនឹង​កម្ទេចក្រុម ISIS ស្របពេល​ទឹកដី ៧០ទៅ៨០ភាគរយ​ត្រូវបានរំដោះ​ពីកណ្ដាប់ ដៃក្រុមភេរវករ​មួយនេះ។

ទោះបីយ៉ាងណាជនស៊ីវិលស្លូតត្រង់ ជាពិសេសគឺស្ត្រី និងកុមារនៅតែបន្តបាត់បង់ជីវិត។ «មនុស្សជា​ច្រើន​បានស្លាប់ ដោយសារតែ​ការវាយប្រហារ​តាមផ្លូវអាកាស ការបាញ់គ្រាប់រ៉ុក្កែត និងការបំផ្ទុះគ្រាប់បែក ដោយវាបានបំផ្លាញ​ផ្ទះរបស់ពួកយើង​គ្មានសល់ (...) ពេលលឺសូរ​យន្ដហោះហោះ​ពីលើ យើងមិនអាចធ្វើ​អ្វីក្រៅតែពីស្រែកយំនោះទេ (...) ម្យ៉ាងវិញទៀត​ដូចអ្នកឃើញស្រាប់ កុមារជាច្រើន មិនអាចហូប និងផឹកគ្រប់គ្រាន់ ឬមានអានាម័យនោះ​ឡើយពោលគឺ ពួកគេកំពុង​រងគ្រោះយ៉ាង​ធ្ងន់ធ្ងរ មិនអាចនឹកស្មានដល់។ នេះជាសម្ដីស្ត្រី​ម្នាក់រស់នៅទី​ក្រុងម៉ូស៊ុលថ្លែងប្រាប់ Russian Today។

គួរបញ្ជាក់ថាប្រតិបត្តិការវាយរំដោះយកទីក្រុងម៉ូស៊ុល ដែលបានប្រព្រឹត្តទៅរយៈពេលជាច្រើនខែមកនេះ បានបណ្តាលឲ្យទាំងក្រុមសកម្មប្រយុទ្ធ ISIS និងជនស៊ីវិលសរុបរាប់ពាន់នាក់ស្លាប់ ហើយអ្វីដែលកាន់តែ​ធ្ងនធ្ងរនោះ គឺនៅពេលវាយសម្រុកចូលកាន់តែជ្រៅទៅក្នុងទីក្រុងម៉ូស៊ុល ប្រជាជនជាច្រើនកាន់តែរងគ្រោះ ដោយសារតែពួក ISIS ចាប់ពួកគេជាចំណាប់ខ្លាំង ថែមទាំងការគេចចេញពីសង្គ្រាមដែលបាត់បង់ទីជំរក និងខ្វះខាតចំណីអាហារក្នុងការបរិភោគ ដែលវាជាសោកនាដកម្ម​ដ៏ធំធេងសម្រាប់ប្រជាជន​អ៊ីរ៉ាក់នៅម៉ូស៊ុល៕