(មូស្គូ)៖ កងកម្លាំងការពារជាតិរុស្ស៊ីចំនួន ០៦នាក់ស្លាប់ និងក្រុមសកម្មប្រយុទ្ធទាំងអស់០៦នាក់ក៏បាត់បង់​ជីវិតដូចគ្នា នៅក្នុងការវាយឆ្មក់មកលើឆ្មាំការពារជាតិរុស្ស៊ីនៅព្រឹកថ្ងៃសុក្រនេះ នៅឯសាធារណរដ្ឋ Chechen (ដែនដីស្ថិតក្រោមរដ្ឋបាលទីក្រុងម៉ូស្គូ)។ នេះបើតាមការប្រាប់ព័ត៌មានដោយ គណកម្មាធិការជាតិ ប្រឆាំងភេរវកម្មរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

គណៈកម្មាធិការជាតិ​ប្រឆាំងភេរវកម្ម​រុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​បានឱ្យដឹងទៀតថា «ប្រតិបត្តិការប្រឆាំង​ភេរវកម្ម​នៅក្បែរតំបន់ Naursky នៃសាធារណរដ្ឋ Chechen (ស្ថិតនៅភាគនិរតីរុស្ស៊ី ជាប់ព្រំដែនប្រទេសហ្សកហ្ស៊ី) បានបញ្ចប់នៅម៉ោង ២៣៖០០នាទី (ម៉ោងសកល) ហើយនៅពេល​វាយប្រយុទ្ធគ្នា​នោះដែរ ក្រុមសកម្មប្រយុទ្ធទាំងអស់​០៦នាក់ ត្រូវបានសម្លាប់ចោល»

គណៈកម្មាធិការដដែលខាងលើនេះបន្ថែមថា ឆ្មាំការពារជាតិរុស្ស៊ី ចំនួន ០៦នាក់បានស្លាប់ និងមួយចំនួន​ទៀតទទួលរងរបួស ខណៈទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ FSB កំពុងធ្វើ​ការស៊ើបអង្កេត​លើអត្តសញ្ញាណ​របស់ក្រុមសកម្មប្រយុទ្ធ​ទាំងនេះ៕