(វ៉ាស៊ីនតោន)៖ ចៅក្រុមសហព័ន្ធម្នាក់នៃរដ្ឋ Hawaii លោក Derrick Watson  បានទទួលសារគំរាមកំហែងជាច្រើន បន្ទាប់ពីលោកបានសម្រេចចិត្តចេញ សេចក្ដីសម្រេចប្រឆាំងនឹងបទបញ្ជាថ្មី ស្ដីពីជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

លោក Derrick Watson នៅក្នុងសេចក្ដី​សម្រេចរបស់ខ្លួនដែលមានកម្រាស់ ៤៣ទំព័រ​បានគូស​បញ្ជាក់ថា បទបញ្ជាថ្មី​របស់​លោក ដូណាល់ ត្រាំ ដែលមាន​គោលដៅ​ហាមឃាត់​លើប្រជាជន​មកពីបណ្ដាប្រទេស​មូស្លីមចំនួន​០៦ ចូលក្នុង​សហរដ្ឋអាមេរិក មិនបាន​បំពេញលក្ខខណ្ឌ​គ្រប់គ្រាន់​តាមផ្លូវច្បាប់​នោះទេ តែបែរជា​មានលក្ខណៈ​រើសអើង​សាសនាទៅវិញ។

ម្យ៉ាងវិញទៀត​បន្ទាប់ពីការសម្រេច​ចិត្តបែបនេះ លោក Derrick Watson បានទទួលសារ​គំរាមជាច្រើន ខណៈ FBI តាមរយៈអ្នកនាំពាក្យ លោកស្រី Michele Ernst ក៏បានអះអាង​ដែរថា បានដឹងពី​ស្ថានភាព​នេះហើយ និងត្រៀមខ្លួន​ជានិច្ចក្នុងការ​ផ្ដល់ជំនួយ។ ទោះបីយ៉ាងណា FBI​ ផ្ទាល់បាន​បដិសេធ​ផ្ដល់ការបញ្ជាក់​បន្ថែមពាក់ព័ន្ធ​នឹងការ​ស៊ើបអង្កេត ហើយសូម្បីតែ​អត្ថន័យ​នៃសារគំរាម​នោះ ក៏ពុំទាន់ត្រូវបានទម្លាយដែរ។

គួរបញ្ជាក់ថា​យោងតាមបញ្ជាថ្មី​របស់លោក ដូណាល់ ​ត្រាំ ប្រជាជន​មកពីប្រទេស​មូស្លីមចំនួន០៦​ ដូចជា​អ៊ីរ៉ង់ ស៊ីរី យ៉េមែន លីប៊ី សូម៉ាលី និងស៊ូដង់ ត្រូវបានជាប់បម្រាម​មិនឱ្យចូល​សហរដ្ឋអាមេរិក ក្នុងរយៈពេល​៩០ថ្ងៃ និង១២០ថ្ងៃ​សម្រាប់ជនអន្តោប្រវេសន៍​ទាំងអស់៕