(ហាណូយ)៖ ប្រទេសវៀតណាមបាន​កំណត់មហិច្ឆតា​របស់ខ្លួនថា នឹងផលិតក៏ដូច​ជាអភិវឌ្ឍន៍​ផ្កាយរណប​ខ្នាតធំដោយ​ខ្លួន​ឯង​ឲ្យ​បាន​ចាប់​ពី​ឆ្នាំ​២០២២តទៅ នៅពេលដែលមូលដ្ឋានបច្ចេកទេសសម្រាប់ ការសិក្សាស្រាវជ្រាវ, ដំឡើង, រួមបញ្ចូលគ្នា, និងការធ្វើតេស្ត​ផ្កាយ​រណប​​អាច​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​បានជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃ​​សុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

លោក Pham Anh Tuan នាយកមជ្ឈមណ្ឌល​ផ្កាយរណបជាតិ​វៀតណាម (VNSC) បានថ្លែងនៅ​ថ្ងៃសុក្រនេះថា បន្ទាប់ពី​បានអភិវឌ្ឍន៍​ផ្កាយ​រណបទម្ងន់​មួយគីឡូក្រាម​ឈ្មោះថា PicoDrago ជាប្រភេទផ្កាយរណប​ខ្នាតតូចល្អិត​ដែលផលិតដោយវៀតណាម​ផ្ទាល់ និងត្រូវបានបញ្ជូន​ទៅ​កាន់គន្លង​ទីអវកាសកាលពី​ឆ្នាំ២០១៣នោះ មជ្ឈមណ្ឌល​របស់លោកនឹង​បន្តគំរោងមួយផ្សេង​ទៀត​ ស្តីពីការ​ផលិតផ្កាយរណប​​ទំហំ​ធំៗ​ជាង​​មុនម្តង រួមមាន NanoDragon (ទម្ងន់៤-៦គីឡូក្រាម), MicroDragon (ទម្ងន់៥០គីឡូក្រាម), Lotusat (៦០០គីឡូក្រាម) វិញម្តង។

គួរបញ្ជាក់ដែរថា​ប្រភេទផ្កាយរណបទាំងអស់នេះ​ ត្រូវបាញ់បង្ហោះ​ទៅកាន់លំហ​អាកាស ដើម្បីជួយសម្រួល​ក្នុងការ​ព្យាករណ៍​អាកាសធាតុ​ និងការត្រៀមទប់ទល់​​នឹងគ្រោះមហន្តរាយ​ធម្មជាតិ​នានា ប្រកបទៅ​​ដោយភាពច្បាស់​លាស់ និងត្រឹមត្រូវជាងមុន​ជា​ពិសេស​នោះ​នៅចំ​ពេល​​នៃការកើន​ឡើងនូវ​បញ្ហាបម្រែបម្រួល​​អាកាសធាតុពិភពលោក​តែម្តង៕