(បាងកក)៖ ថៃ និងហ្វីលីពីន​បានសន្យានៅ​ថ្ងៃអង្គារសប្ដាហ៍នេះថា​ នឹងបង្កើនក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា រវាងប្រទេស​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហាសន្តិសុខ រួមមាន​ទាំង​ភេរវកម្ម និងការជួញដូរគ្រឿងញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

ការសន្យានេះ​ធ្វើឡើងនៅ​ក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នា បន្ទាប់ពី​ជំនួបរវាង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅក្នុងទីក្រុង​បាងកក។ «ពួកយើង​បានសង្កត់​ធ្ងន់ពី​ភាពចាំបាច់​ក្នុងការធ្វើកិច្ចសហការ​រួមគ្នា ដើម្បីការពារ​សន្តិសុខ និងរក្សា​ស្ថេរភាព តាមរយៈការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និងឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជាដើម»។ នេះបើតាម​ សម្តីបុរសខ្លាំងហ្វីលីពីនលោក ឌូតឺតេ។

ជាងនេះទៅទៀត​នៅក្នុងជំនួប​នោះដែរ មេដឹកនាំទំាងពីរក៏បាន​បង្ហាញការជឿជាក់​ដែរថា​ សមុទ្រ​ចិនខាងត្បូង នឹងក្លាយជា​សមុទ្រ​​សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ធនធាន និងប្រជាជន​នៅក្នុង​តំបន់ ហើយក្រៅតែពី​បញ្ហាសន្តិសុខ លោក ប្រាយុទ្ធ និងលោក ឌូតឺតេ បានចូលរួម​ធ្វើជាសាក្សី​លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្ដីពី ទេសចរណ៍ កសិកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច៕

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ លោក រ៉ូទ្រីហ្គោ ឌូតើតេ មកកាន់ប្រទេសថៃ ខណៈទំាងថៃ និងហ្វីលពីន ហាក់ដូចជាកំពុងបោះ ដដៃទៅរកចិន ក្រោយមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក។ មុនធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងបាងកក លោក ឌូតើតេ ក៏បានបំពេញទស្សន កិច្ចនៅមីយ៉ាន់ម៉ាផងដែរ៕