(ឡុងដ៏)៖ អ្នកដំណើរទំាងអស់តាមជើងហោះហើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស មកពីបណ្ដាប្រទេសមូស្លីម (អ្នកកាន់សាសនាអ៉ីស្លាម) មួយចំនួននឹងត្រូវបាន ហាមឃាត់នាំយកឧបករណ៍អេឡិចត្រូនិចឡើងលើយន្ដហោះ ហើយដែលការដាក់កំហិតនេះធ្វើឡើង បន្ទាប់ពីមានការ ហាមឃាត់ស្រដៀងគ្នានេះ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

នៅថ្ងៃអង្គារនេះ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវការរឹតបន្ដឹងលើការនាំយកឧបករណ៍អេឡិចត្រូនិច ឡើងលើយន្ដហោះ មកពីអាកាសយានដ្ឋានចំនួន១០ នៅក្នុងបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន នៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដើម្បីទប់ស្កាត់ ការគំរាមកំហែងវាយប្រហារពីពួកភេរវករ ក្រោយមានសេចក្ដីរាយការណ៍ថា ក្រុមភេរវករ អាចនឹងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ជាគ្រឿងបំផ្ទុះគ្រាប់បែក។ ដោយឡែកបើយោងតាមក្រសួងសន្តិសុខមាតុភូមិអាមេរិក អ្នកដំណើរទំាអស់ដែលធ្វើដំណើរមកពី អាកាសយានដ្ឋាន ខាងលើ អាចនឹងត្រូវបានហាមឃាត់មិន ឱ្យយកជាប់ខ្លួននូវឧបករណ៍ដែលមានទំហំធំជាងទូរសព្ទដៃ ដូចជា Tablets, DVD Players, Laptops និង Cameras ជាដើម​ រីឯទូរសព្ទដៃត្រូវបានលើកលែង។

អាកាសយានដ្ឋានដែលមានជាប់ពាក់ព័ន្ធនឹងការរឹតបន្តឹងខាងលើមានដូចជា៖
១៖ Mohammed V International, Casablanca, Morocco
២៖ Ataturk Airport, Istanbul, Turkey
៣៖ Cairo International Airport, Egypt
៤៖ Queen Alia International, Amman, Jordan
៥៖ King Abdulaziz International, Jeddah, Saudi Arabia
៦៖ King Khalid International, Riyadh, Saudi Arabia
៧៖ Kuwait International Airport
៨៖ Hamad International, Doha, Qatar
៩៖ Abu Dhabi International, United Arab Emirates
១០៖ Dubai International, United Arab Emirates