(សេអ៊ូល)៖ នាវាដឹកយន្តហោះចម្បាំងដើរដោយ ថាមពលនុយក្លេអ៊ែរ​​របស់អាមេរិក USS Carl Vinson គ្រោងនឹង​ធ្វើដំណើរ​មកដល់​​ទីក្រុងកំពង់ផែ​កូរ៉េខាងត្បូង​ប៊ូសាន នៅថ្ងៃទី១៥ ខែមីនា​ខាងមុខនេះ ដើម្បី​ចូលរួមនៅ​ក្នុងសមយុទ្ធ​យោធា​ទ្រង់ទ្រាយធំ រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈ​កូរ៉េខាងជើង ព្រមាននឹងថា​ចាត់វិធានការយោធា​ប្រឆាំងនឹង​សមយុទ្ធយោធា​នេះ។ នេះបើ​តាម​​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

សមយុទ្ធយោធា​ប្រចាំឆ្នាំ​ឈ្មោះថា Foal Eagle បានចាប់ផ្ដើម​ធ្វើឡើងកាលពី​ថ្ងៃទី០១ ខែមីនា ហើយនឹង​ត្រូវបញ្ចប់នៅចុង​ខែមេសា ដោយមាន​ការដាក់​ពង្រាយអាវុធ យុទសាស្ត្រ​ជាច្រើនក្នុងនោះ​មានទំាង​នាវាផ្ទុកយន្ដហោះ​ចម្បាំង​អាមេរិក USS Carl Vinson និងយន្ដហោះ​ចម្បាំងធុន F-35B ព្រមទំាង​មានការចូល​រួមពីកងទ័ព​អាមេរិក ១០,០០០នាក់ និងកងទ័ព​កូរ៉េខាងត្បូង​ ២៩០,០០០នាក់។

គួរបញ្ជាក់ថាកូរ៉េខាងជើង​នៅថ្ងៃសុក្រនេះដែរ បានព្រមាន​ឡើងវិញថា ខ្លួននឹងដឹកនាំ​ការបាញ់សាកល្បង​មីស៊ីស​បន្ថែមទៀត ជាការជំទាស់​នឹងការធ្វើ​សមយុទ្ធយោធា​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយក៏បានព្រមានបន្ថែមទៀតដែរ កូរ៉េខាងជើងនឹងចាត់វិធានក្តៅ ព្រមទាំងវាយបកភ្លាមៗសម្រាប់​ទង្វើណាមួយដែលរំលោភលើសន្តិសុខរបស់ខ្លួន៕