(ដាម៉ាស)៖ បន្ទាប់បាន​ខិតខំប្រឹងប្រែង​តស៊ូប្រយុទ្ធយ៉ាង​ស្វិតស្វាញ​ អស់រយៈពេល​ជាយូរមក ទីបំផុត​កងកម្លាំង​​យោធា​​របស់​រដ្ឋា​ភិ​បាល​​ស៊ី​រី ​ដែល​មាន​​ការ​​គាំទ្រ​ពីកងទ័ពជើង​អាកាសរុស្ស៊ី​បានវាយរំដោះ​យកទីក្រុង​បុរាណ Palmyra ដែលត្រូវបាន​គេចាត់ទុកថា​ជា «គុជដ៏អស្ចារ្យ​​​នៅកណ្តាល​វាខ្សាច់» នោះចេញ​ពីកណ្តាប់ដៃ​របស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដោយជោគជ័យ​ហើយ ទោះបីជានៅ​មានការប្រយុទ្ធគ្នា​បន្តិចបន្តួរ​នៅ​​ជាយក្រុងយ៉ាង​ណាក្តី។ នេះបើតាម​ការចេញផ្សាយ​ផ្តាច់មុខដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

សារព័ត៌មាន​រុស្ស៊ីបានឲ្យដឹង​ដូច្នេះថា «មានសេចក្តី​រាយការណ៍ថា​កងកម្លាំងយោធា​គាំទ្ររដ្ឋាភិបាលស៊ីរី​ ដោយទទួល​បាន​ការគាំទ្រនៃកង​ឧទ្ធម្ភាគចក្រ​របស់​ប្រទេសរុស្ស៊ី បានវាយដណ្តើម​កាន់កាប់​យកបាន​ទីក្រុង Palmyra ទាំងមូលហើយ។ ម៉្យាងវិញទៀត​ពួកយើង​ក៏ដឹងដែរ​ថា​ជាក់ស្តែង​កងទ័ពរដ្ឋាភិបាល​កំពុងតែឈរជើង​នៅក្នុងទីក្រុង​ដ៏ចំណាស់នេះ»។ បន្ថែមពីនេះ​មន្រ្តីជាន់ខ្ពស់​ស៊ីរី​ក៏បានបញ្ជាក់ថែម​ទៀតថា​កង​ទ័ព​របស់ពួកគេ​បានវាយបណ្តេញ​ក្រុមសកម្មប្រយុទ្ធ​ចេញពីទីក្រុង​បានដោយ​ជោគជ័យ ហើយអ្នក​នាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី ក៏បានប្រកាស​អំពី​ការរំដោះ​ទីក្រុង Palmyra ផងដែរ។

គួរបញ្ជាក់ថាយោងតាមភ្នាក់ងារព័ត៌មាន RT ដែលស្ថិតក្នុង​ទីក្រុង Palmyra ផ្ទាល់ ការប្រយុទ្ធគ្នានៅ​តែបន្តកើតមាន​ដដែល​​នៅ​តាម​ជាយ​ក្រុង​​បុរាណនេះ ដោយក្រុម​អ្នកប្រយុទ្ធ ISIS រាប់រយនាក់ កំពុងព្យាយាម​វាយសម្រុកចូលខ្សែ​បន្ទាត់ការពារ​​របស់​កង​កម្លាំង​រដ្ឋា​ភិបាល​វិញ៕