(វ៉ាស៊ីនតោន)៖ សភាព្រឹទ្ធសភា​អាមេរិកនៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលានៅ​រដ្ឋធានី​វ៉ាស៊ីនតោន) បានបោះឆ្នោត​អនុម័តទទួល​​ស្គាល់​លោក Rick Perry ដែលត្រូវបាន​ជ្រើសរើស​ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើជារដ្ឋមន្រ្តី​ក្រសួងថាមពល​ជាផ្លូវការ​ហើយ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

លោក Rick Perry ធ្លាប់បាន​សន្យាថា​ នៅពេលដែល​លោកឡើងដឹកនាំ​ក្រសួងខាងលើ​ជាផ្លូវការ ការយកចិត្ត​ទុកដាក់សំខាន់​ភាគច្រើន​នឹង​​​ផ្តោតទៅលើ «ការស្តារ​​សមត្ថភាពអាវុធ​នុយក្លេអ៊ែររបស់​សហរដ្ឋ​អាមេរិក​​ឡើងវិញ» ពីព្រោះថា​​លោក ដូណាល់ ត្រាំ មានបំណង​​ចង់ធា​នា​​ឲ្យ​​បាន​ថា​អាវុធនុយក្លេអ៊ែរ​​របស់ប្រទេស​​លោកមានអនុភាព​​ជាង​ប្រទេស​ណាណា​​ទាំងអស់​នៅលើ​ពិភពលោក ហើយលោក ត្រាំ បាន​និយាយ​ដែរ​ថា​សហរដ្ឋអាមេរិក​ហាក់ដូចជា​បានធ្លាក់ចុះ​នូវសមត្ថភាព​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន។

គួរបញ្ជាក់ថា​លោក Perry ស្ថិតក្នុង​វ័យ៦៦ឆ្នាំ​ដែលបានបំពេញ​តួនាទីជា​អភិបាល​នៃរដ្ឋតិចសាស់​ចាប់ពី​ឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ ត្រូវបាន​​ព្រឹទ្ធសភា​អាមេរិក​ធ្វើការបោះឆ្នោត​គាំទ្រ​ក្នុងសំឡេង​៦២​ ទល់នឹង៣៧សំឡេង៕