(សេអ៊ូល)៖ បណ្តាប្រជាជាតិ​ជាសមាជិកអង្គការសហប្រជាជាតិចំនួន​១១ប្រទេស បានប្រគល់​របាយការណ៍​របស់ពួកគេរៀងៗ​ខ្លួន ស្តីពីការអនុវត្ត​ន៍​នៃសេចក្តីសម្រេច​នាពេលថ្មីៗនេះ​របស់ UN ប្រឆាំងនឹង​ការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​កាលពី​ឆ្នាំមុន។ នេះ​បើ​តាម​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​អាមេរិក​ដែលត្រូវបានដកស្រង់​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ​បានអនុម័តសេចក្តី​សម្រេចលេខ​២៣២១ ដែល​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំងទៅលើ​ការបំផ្ទុះ​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​កាលពី​ខែកញ្ញាឆ្នាំ​មុននេះ ដោយ​បានកំណត់​គោលដៅ​ចម្បងទៅ​លើ​ការ​នាំចេញ​ធ្យូងថ្ម ​របស់ប្រទេស​កូរ៉េខាងជើង ដោយសារ​តែ​វាគឺជាធនធាន​សម្រាប់នាំចេញ​ដ៏ធំបំផុត​ និងតែមួយ​គត់របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ហើយជា​ប្រភពនៃ​រូបិយប័ណ្ណ​រឹង​ដើម្បីផ្គត់ផ្គង់​របបដឹកនាំ​ ព្រមទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ប្រជាជាតិដែល​ជាសមាជិក​របស់ UN តម្រូវឲ្យ​ធ្វើការប្រគល់​របាយការណ៍ស្តី​ពីការអនុវត្តន៍​រៀងៗខ្លួន​ទៅកាន់ ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​នៅ​ក្នុង​រយៈ​ពេល​​ចំនួន​៩០ថ្ងៃ ​ប​ន្ទាប់ពីសេចក្តីសម្រេច​ចុងក្រោយថ្មី​បំផុតត្រូវ​បាន​អនុម័ត ហើយពេល​ផុតកំណត់នោះ​គឺថ្ងៃទី២៨ ខែ​កុម្ភៈ​កន្លង​​ទៅ​នេះ​សម្រាប់​សេចក្តីសម្រេច​២៣២១។

គួរបញ្ជាក់ថា​យោងតាមមន្រ្តី​មួយរូបនៃ​ក្រុមអ្នកតំណាង​របស់អ៊ីតាលី​ប្រចាំ​នៅអង្គការសហប្រជាជាតិ​ ដែលបច្ចុប្បន្ន​ជាប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​សមាជិក​​សរុប​ចំនួន​១១​ប្រទេស ​​បាន​ធ្វើ​ការ​ប្រគល់​របាយការណ៍​របស់ពួកគេ​គិតត្រឹមថ្ងៃ​ទី២៨ ខែកុម្ភៈ ហើយប្រទេស​ទាំងនោះ​រួមមាន ម៉ូណាកូ, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ជប៉ុន, រុស្ស៊ី, នូវែលសេឡង់, អ៊ីតាលី, អ៊ុយរ៉ាហ្គាយ, អ៊ុយក្រែន, អារ៉ាប៊ី សាអូឌីត, និងចក្រភព​អង់គ្លេស។ ដោយឡែក​ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវគេរាយការណ៍​ថា​ នៅតែទទួល​បានរបាយការណ៍​នេះជាបន្តបន្ទាប់ ទោះបីជា​នៅក្រោយ​ពេលវេលា​កំណត់យ៉ាង​ណាក្តី៕