(ម៉ូស្គូ)៖ កងទ័ពជើង​អាកាសរបស់​ប្រទេសរុស្ស៊ី​ ក៏ដូចជារបស់​រដ្ឋាភិបាលស៊ីរីមិនបានធ្វើ​ការវាយប្រហារ​តាមផ្លូវអាកាស​ដោយទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំងឈរជើង​របស់ក្រុមអ្នកប្រយុទ្ធ​ចម្រុះស៊ីរី-អារ៉ាប់ ដែលទទួល​បានការគាំទ្រ​ពីរដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​នោះ​ឡើយ ដែលនេះគឺ​ជាការអះអាង​បញ្ជាក់របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី ដោយបាន​ច្រានចោល​ការចោទ​ប្រកាន់របស់​ មេបញ្ជាការយោធា​មួយ​​រូប​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

កម្លាំងយោធា​រុស្ស៊ី​នៅក្នុងប្រទេសស៊ីរី​បានទទួល​ការទាក់ទង​ពីសមភាគី​អាមេរិក ដែលបាន​បង្ហាញពី​ក្តី​ព្រួយបារម្ភ​ថា​ យន្តហោះ​ចម្បាំង​​របស់រុស្ស៊ី​​ក៏ដូចជាស៊ីរី អាចបាន​បើកការវាយប្រហារ​តាមផ្លូវអាកាស​ដោយអចេតនា​មួយ​ទៅលើ​ទីតាំងរបស់​ក្រុមអ្នកប្រយុទ្ធ​គាំទ្រដោយ​​ទីក្រុង​វ៉ាស៊ីនតោន នៅអំឡុងប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវករ។ ក្រសួងការពារជាតិ​រុស្ស៊ីបាន​បញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងការណ៍​ថា «ដើម្បីជៀសវាង​ហេតុការណ៍​​នា​នា អ្នកតំណាង​សហរដ្ឋអាមេរិក​ធ្លាប់បានផ្តល់​ទិន្នន័យ​ច្បាស់លាស់​ នៃទីតាំងរបស់​កងកម្លាំង​ឧទ្ទាមគាំទ្រ​ដោយអាមេរិក​នៅក្នុង​តំបន់​​មក​កាន់​​មន្រ្តី​​រុស្ស៊ី​​»។ ក្រសួងដដែល​បានឲ្យដឹង​ទៀតថា «ពុំមានការ​វាយប្រហារ​ណាមួយទៅលើ​តំបន់ដែលលើកឡើង​ដោយភាគី​អាមេរិក ត្រូវ​​បាន​​ធ្វើ​​​ឡើង​​ដោយ​​កងទ័ព​ជើង​​អាកាសរុស្ស៊ី​ ឬមួយក៏ស៊ីរី​ឡើយ»។

នៅមុនការ​អះអាង​បញ្ជាក់របស់​ក្រសួងការពារជាតិ​រុស្ស៊ី មេបញ្ជាការ​យោធា​អាមេរិក​មួយរូប​ បានធ្វើការ​ចោទប្រកាន់​ថា​ កងយន្តហោះ​ចម្បាំង​​រុស្ស៊ី​និងស៊ីរី​បានទម្លាក់គ្រាប់បែក​ទៅលើក្រុម​អ្នកប្រយុទ្ធ​គាំទ្រដោយ​អាមេរិកនៅស៊ីរី ហើយហេតុការណ៍​នោះ​បានកើតឡើង​ដោយសារ​មានការភ័ន្ត​​ច្រឡំ​ថាគោលដៅ​ទាំងនោះ​ស្ថិតក្រោមការ​កាន់កាប់​របស់ក្រុម ISIS។

គួរបញ្ជាក់ថា​បណ្តាញទំនាក់ទំនង​រវាងកងទ័ពរុស្ស៊ី​ និងអាមេរិក​នៅក្នុងប្រទេស​ស៊ីរី ត្រូវបានធ្វើ​ឡើងកាលពី​ប៉ុន្មានខែមុន​មកម្ល៉េះ ដោយយោធា​នៃប្រទេសទាំងពីរ​បានព្រមព្រៀង​ធ្វើការទាក់ទងគ្នា​ទៅវិញទៅមក ដើម្បីជៀសវាងហេតុការណ៍​ផ្សេងៗនៅ​លើដែនអាកាស​ដ៏មមាញឹក​របស់​ស៊ីរី៕