(កាប៊ុល)៖ បណ្តាញក្រុម​រដ្ឋអ៊ីស្លាម ISIS មួយដែល​មានមូលដ្ឋាន​នៅក្បែរ​ព្រំប្រទល់​អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន កំពុងតែ​ពង្រីកវិសាលភាព​របស់​ខ្លួនទៅកាន់​តំបន់ផ្សេងៗ​ទៀត ក៏ដូចជាធ្វើ​ការប្រមែប្រមូល​អ្នកប្រយុទ្ធ​បន្ថែម និងពង្រីក​ដែននៃការវាយប្រហារ​កាន់តែរីករាល​ដាលឡើង​នៅក្នុង​តំបន់​ថែមទៀត​ផង ដែលប្រការ​នេះអាចនឹង​បង្កជាបញ្ហា​ប្រឈមថ្មីមួយ​ទៀតដល់​លោក ដូណាល់ ត្រាំ ខណៈប្រធានាធិបតី​អាមេរិក​រូបនេះ​ កំពុង​តែ​​ពិចារ​ណា​ថា​ ​តើ​គួរ​ទុក​កង​​ទ័ព​អាមេរិក​​ចំនួន​ប៉ុន្មាន​នាក់ ​ឲ្យ​នៅ​បន្ត​ឈរ​ជើង​នៅ​អាហ្វហ្គានីស្ថាន ដែលមាន​ក្រុមឧទ្ទាម​តាលីបង់​​នៅ​តែជា​​ការ​គំរាម​កំហែង​ផ្នែកសន្តិសុខ​លើប្រទេស​នៅតំបន់អាស៊ី​ខាងត្បូង​មួយនេះនៅឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុន​នេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

សមាជិកមួយ​ចំនួនធំនៃក្រុម​រដ្ឋអ៊ីស្លាម​នៅតំបន់ Khorasan Province គឺជាអ្នក​នៅពីក្រោយ​ខ្នងនៃ​ការវាយប្រហារ​​​នា​​ពេល​​ថ្មីៗ​​នេះ​​ ទៅ​លើ​​ព្រះវិហារ​មួយ​កន្លែងនៅ​ប៉ាគីស្ថាន​ដែលបាន​សម្លាប់​មនុស្ស​ដល់ទៅ​ចំនួន៩០នាក់ ហើយខ្មាន់​កាំភ្លើង​របស់ក្រុម ISIS ក៏ជាអ្នកទទួល​ខុសត្រូវ​ចំពោះ​​ការ​ស្លាប់​​​របស់​ភ្នាក់​ងារ​ផ្តល់ជំនួយ​ចំនួន០៦នាក់​ផងដែរ​ នៅភាគខាងជើង​នៃប្រទេស​ប៉ាគីស្ថាន ដែល​ស្ថិត​​នៅ​ឆ្ងាយ​ពី​​បន្ទាយ​របស់​ពួក​គេ​​នៅ​ភាគ​​ខាង​កើត​​អាហ្វហ្គានីស្ថាន។

ប្រធានាធិបតិ​អាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បាន​សច្ចាថា​នឹងកម្ចាត់ទាំងស្រុង​នូវក្រុមរដ្ឋអ៊ីស្លាម​ដែលមានមូលដ្ឋាន​នៅតំបន់​មជ្ឈិមបូព៌ា ប៉ុន្តែលោកពុំ​សូវជាបានលើកឡើងអំពីបញ្ហានេះ​នៅប្រទេស​អាហ្វហ្គានីស្ថាន ដែលមាន​កងកម្លាំង​អាមេរិកឈរ​ជើងអស់រយៈពេល១៥​ឆ្នាំមក​​ហើយ​​នោះ​​ឡើយ។ ដោយឡែក​នៅពេលនេះ​លោក ត្រាំ មិនត្រឹមតែ​ត្រូវពិចារណា​លើបញ្ហានៃ​ក្រុមឧទ្ទាមតាលីបង់​ប៉ុណ្ណោះទេ លោកថែម​ទាំង​ត្រូវដោះស្រាយ​បញ្ហារបស់​ក្រុមសកម្ម​ប្រយុទ្ធ ISIS ទៀតផង ទោះបីជា​មន្រ្តីយោធា​សហរដ្ឋអាមេរិក​មិនសូវជា​មានការភ័យព្រួយ​បារម្ភ​ខ្លាំង​អំពី​វត្តមាន​របស់ ISIS នៅអាហ្វហ្គានីស្ថាន​ដូចទៅនឹងមន្រ្តី​នៃប្រទេសនេះ​ផ្ទាល់យ៉ាង​ណាក្តី។

គួរបញ្ជាក់ថា​យោងតាមមន្រ្តី​អ្នកនាំពាក្យការិយាល័យរបស់ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ក្រុមរដ្ឋអ៊ីស្លាម ISIS មិនមែន​ត្រឹមតែជា​ការគំរាមកំហែង​​មួយសម្រាប់​អាហ្វហ្គានីស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ក៏ដូចជាពិភពលោក​ទាំងមូល៕