(​ព្រុចសែល)៖ គំនិតចង់​បង្កើតកងទ័ព​អឺរ៉ុប​រួមគួរតែក្លាយជា​ការពិត ដែលអាចឲ្យ​អឺរ៉ុបការពារសន្តិសុខ​របស់​​ខ្លួន​បានយ៉ាងរឹងមាំ និងប្រសិទ្ធភាព។ នេះបើតាម​ប្រធានគណកម្មការ​អឺរ៉ុប លោក ហ្សង់ក្លូដ ហ្សាំងឃើ (Jean-Claude Juncker) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។​

ការលើក​ឡើង​បែបនេះ​របស់​លោក ហ្សាំងឃឺ ធ្វើឡើងនៅ​ចំពោះមុខ​សមាជិក​សភាអឺរ៉ុប និងនៅ​ចំពេល​នៃភាព​ស្រពិចស្រពិល​នៃនយោបាយ​ការបរទេស​របស់ លោក ដូណាល់ ត្រាំ ជាពិសេស​នោះគឺ​ទំនាក់ទំនងរវាង​លោក និងប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន តែម្ដងដែល​កំពុង​ធ្វើឱ្យ​អឺរ៉ុប​ព្រួយបារម្ភ។ លោក ហ្សំាងឃឺ បានលើកឡើង​ដូច្នេះថា «គំនិតចង់បង្កើត​កងទ័ពអឺរ៉ុប​គួរតែក្លាយជា​ការពិត ខណៈស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន បង្ខំឱ្យសមាជិក​សហភាពអឺរ៉ុប​ចាប់ ផ្ដើមបង្កើន​កញ្ចប់ថវិកា​យោធារៀងៗ​ខ្លួន។ ក៏ប៉ុន្តែគេមិនត្រូវធ្វើឱ្យប៉ះពាល់ដល់​ហិរញ្ញវត្ថុសម្រាប់​ទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ និងការអភិវឌ្ឍប្រទេស​នោះទេ»

គួរបញ្ជាក់ថា​គំនិតចង់បង្កើត​កងទ័ពអឺរ៉ុប កើតមានឡើង​តាំងតែពី​ឆ្នាំ១៩៥០មកម្លេះ ដោយនៅ​កាលណោះ នាយករដ្ឋមន្ត្រី​បារាំង លោក រឺណេ ប្លេវ៉ង់ (Rene Pleven) បានស្នើ​បង្កើតសហគមន៍​កងទ័ព​អឺរ៉ុបមួយ មានសមាជិក​ដូចជា ប៊ែលហ្សិក បារាំង អ៊ីតាលី លុចហ្សំបួ ហូឡង់ និងអាល្លឺម៉ង់ខាងលិច។ សន្ធិសញ្ញានេះ ត្រូវបាន​ចុះហត្ថលេខា​កាលពីឆ្នាំ១៩៥២ ក៏ប៉ុន្តែដោយសារតែ​សភាបារំាងមិនព្រម​ផ្ដល់សច្ចាប័ន ទើបគំនិត​ចង់បង្កើតទ័ពអឺរ៉ុប​ត្រូវលាយ​ទៅវិញ ហើយរហូតមក​ដល់បច្ចុប្បន្ន​ទើបគំនិតនេះ​ត្រូវគេសើរើ​ជាថ្មីម្ដង​ទៀត ក្រោយពេល​លោក ដូណាល់ ត្រាំ បានបង្ហាញ​ទំនោរងាកទៅ​រករុស្ស៊ី៕