(ដាម៉ាស)៖​ ប្រភពពី​មន្ត្រីយោធា​ស៊ីរី ដែល​សារព័ត៌មាន​រុស្ស៊ីទទួលបាន គឺនៅពេលនេះ​កងទ័ព​ដ៏មាន​ឥទ្ធិពល​របស់រដ្ឋាភិបាល​ស៊ីរីបានដណ្តើម​បានទីតាំងជាច្រើន​នៅព័ទ្ធជុំវិញ​ទីក្រុងបុរាណ Palmyra ដ៏ល្បីល្បាញ​ និងឈានឆ្ពោះ​ទៅក្រសោប​យក​ទីក្រុងទាំងមូល​ពីកណ្តាប់ដៃក្រុម​រដ្ឋអ៊ីស្លាម ISIS ក្នុងពេលឆាប់ៗ​ខាងមុខ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន RT នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

មន្ត្រីយោធាស៊ីរី ដែលនៅកៀក​នឹងមេបញ្ជាការ​កងទ័ពជួរមុខ​នៃទីក្រុង Palmyra បានបញ្ជាក់​ប្រាប់ RT យ៉ាងដូច្នេះ​ថា «កងទ័ពគាំទ្រ​រដ្ឋាភិបាល​ស៊ីរី បច្ចុប្បន្ននេះ​កំពុងតែ​គ្រប់គ្រង​តំបន់​ភ្នំយុទ្ធសាស្ត្រ​សំខាន់ៗ ដែលព័ទ្ធជុំវិញ​ទីក្រុងបុរាណ Palmyra នោះហើយ។ ពួកគេកំពុង​ស្ថិតនៅក្នុងការប្រុងជើង​ការដ៏ល្អ ហើយនឹង​ឈានឆ្ពោះ​ទៅគ្រប់គ្រង​ទីក្រុងនេះឲ្យ​បានតែម្តង»

ងាកទៅមើល​សារព័ត៌មាន​ស៊ីរី SANA វិញបាន​ចេញផ្សាយ​ថា តំបន់មួយ​ដែលគេហៅថា​តំបន់ត្រីកោណ Palmyra ដែលស្ថិត​នៅភាគខាងលិច​នៃទីក្រុងបុរាណ​មួយនេះ ត្រូវបានកងទ័ព​រដ្ឋាភិបាល​ដណ្តើម​គ្រប់គ្រង​ហើយ បន្ទាប់ពី​ការបើកប្រតិបត្តិការ​យោធា​ដ៏ក្តៅគគុក។ ការវាយប្រហារ​សង្គ្រប់យកតំបន់នោះ​បានបណ្តាល​ឲ្យ​កង​កម្លាំង ISIS ជាច្រើន​ស្លាប់ និងរងរបួស ហើយក្រុម​ជំនាញស៊ីរី​ត្រូវបានដាក់​ពង្រាយនៅតំបន់​ដែលគេ​បាន​កាន់កាប់​ឡើងវិញ​ដើម្បីសម្អាត​គ្រាប់បែក និងគ្រាប់មីន​ដែលកប់​ក្នុងដី៕