(គូឡាឡាំពួរ)៖ រឿងក្តីឃាតកម្មលើលោក គីម ជុងណាំ មិនទាន់ដោះស្រាយ​បានលទ្ធផលផងឥឡូវនេះ​បន្ថែមបញ្ហាមួយទៀតដែលពាក់ព័ន្ធកូរ៉េខាងជើងបន្ថែម នោះគឺករណីជួញដូរអាវុធខុសច្បាប់ ខណៈមេ​បញ្ជាការ​ប៉ូលិសម៉ាឡេស៊ីបានថ្លែង​នៅថ្ងៃអង្គារ​នេះថា កម្លាំង​សមត្ថកិច្ច​នៃប្រទេស​របស់លោក​បានដឹងច្បាស់​អំពីក្រុមហ៊ុន​​ចំនួន​ពីរ​​ជាប់​​ពាក់​​ព័ន្ធ​​នឹង​​កូរ៉េ​ខាង​ជើង ដែល​បាន​​ធ្វើ​ប្រតិបត្តិការ​​ជួញ​ដូរ​អាវុធ​នៅ​ក្នុង​​ប្រទេស​​​អាស៊ាន​​មួយ​នេះ។ នេះ​បើ​តាម​ការចេញ​ផ្សាយ​ដោយ​​សារ​ព័ត៌​មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ​ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​លោក Khalid Abu Bakar កម្លាំងប៉ូលិស​ម៉ាឡេស៊ី​កំពុងស្ថិត​ក្នុងដំណាក់​កាល​គ្រោង​សម្រុកឆែកឆេរនិងបង្រ្កាប ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ដែល​មាន​ឈ្មោះ​ថា International Global System និង International Golden Services ទៅហើយ។ លោកមេបញ្ជាការ​ប៉ូលិសរូបនេះ​បាន​បញ្ជាក់​ដូច្នេះថា «ពួកយើងក៏បានប្រើប្រាស់​រាល់វិធានការដែលចាំបាច់ផងដែរ ដើម្បីឲ្យ​ស្របទៅ​តាមក្បួនច្បាប់​អន្តរជាតិ​ ​ពាក់​ព័ន្ធ​​នឹង​​ការដាក់​​ទណ្ឌកម្ម​​របស់អង្គការ​សហប្រជាជាតិ​»

គួរបញ្ជាក់ថា​នាថ្ងៃចន្ទម្សិលមិញនេះ​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ដែលបានយោង​តាមរបាយការណ៍​ព្រាងរបស់ UN ចេញផ្សាយថា​​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​បានលួចធ្វើការជួញ​ដូរអាវុធ​ខុសច្បាប់ដោយ​យកម៉ាឡេស៊ីធ្វើ​ជាមូលដ្ឋាន ហើយប្រការនេះគឺជាការរំលោភទៅនឹងទណ្ឌកម្មរបស់ UN​៕