(ប៉េកំាង)៖ សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក យ៉ាង ជីឈី (Yang Jiechi) អាចនឹងលើកយកបញ្ហាកូរ៉េខាងជើង និងសមុទ្រចិនខាងត្បូង ទៅពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្​ចទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចរបស់លោក យ៉ាង ជីឈី ធ្វើឡើងតបតាមការអញ្ជើញពីរដ្ឋបាលអាមេរិក ហើយលោក យ៉ាង នឹងក្លាយជាមន្ត្រីជាន់ខ្ពស់ចិនដំបូងគេ បំផុតដែលបំពេញទស្សនកិច្ច មកកាន់សហរដ្ឋអាមេរិក ក្រោមការដឹកនាំនៃលោក ដូណាល់ ត្រាំ។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោក Geng Shuang បានឱ្យដឹងថា «ភាគីទំាងពីរអាចនឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូង និងកូរ៉េខាងជើងមកពិភាក្សាគ្នា។ ក៏ប៉ុន្តែអ្វីដែល សំខាន់ជាងនេះទៅទៀត ភាគីទាំងពីរក៏នឹងជជែកគ្នាផងដែរ ស្ដីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាផលប្រយោជន៍​ទៅវិញទៅមករវាងប្រទេសទំាងពីរ និងការរៀបចំជំនួបរវាងលោកប្រធានាធិបតី ហ្ស៊ី ជីនពីង និងប្រធានាធិបតីលោក ដូណាល់ ត្រាំ»។​

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយចិនកាលពីសប្ដាហ៍មុន បានរាយការណ៍ថា លោក ហ្ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ អាចនឹងជួបគ្នានៅឱកាស អ្នកទំាងពីរចូលរួមក្នុង កិច្ចប្រជុំកំពូល G20 ​នៅក្នុងប្រទេសអាល្លឺម៉ង់ នៅខែកក្កដា ខាងមុខនេះ៕