(សេអ៊ូល)៖ បន្ទាប់ពីការ​ជួបប្រជុំនៃក្រុម​ប្រឹក្សាភិបាល​អស់ជាច្រើន​ម៉ោង នៅទីបំផុត​ក្រុមហ៊ុន Lotte Group បានយល់ព្រម​ទៅលើកិច្ចព្រមព្រៀងលក់ទីលានវាយកូនហ្គោលរបស់ខ្លួន​ ឱ្យទៅរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់តម្លើងប្រព័ន្ធខែល​ការពារមីស៊ីលកម្រិតខ្ពស់អាមេរិក THAAD ហើយ។ នេះបើតាមការចេញ ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅព្រឹកថ្ងៃ​ចន្ទនេះ​ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉ខាងត្បូង លោក មូន សាងឃ្យុន (Moon Sang-kyun) បានឱ្យដឹងថា​ក្រុមហ៊ុន Lotte នឹងបើកកិច្ច​ប្រជុំក្រុមប្រឹក្សា​ភិបាល​ដើម្បី​ពិភាក្សា និងធ្វើសម្រេចចិត្ត​លើកិច្ចព្រម​ព្រៀង​លក់ទីតំាង​វាយកូនហ្គោល​មួយ​កន្លែង ស្ថិតនៅក្នុង​តំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង​ជាទី​ដែល THAAD នឹងត្រូវ​ដាក់ពង្រាយ​សំដៅទប់ស្កាត់​រាល់ការ​គំរាមកំហែង ពីសំណាក់​កូរ៉េខាងជើង។ បន្ថែមពី​លើនេះ លោក មូន ក៏បាន​បញ្ជាក់ឡើងវិញ​ដែរថា THAAD នឹងត្រូវដាក់​ពង្រាយតាមការ​គ្រោងទុក នៅក្នុងឆ្នាំនេះ បើទោះជា​មានការជំទាស់​ពីចិន និងរុស្ស៊ីក៏ដោយ។

គួរបញ្ជាក់ថា​បើទោះជាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​បានអះអាង​ជាច្រើន​ដងថា ការដាក់ពង្រាយ THAAD មានគោល​ដៅ​តែមួយគត់ទៅលើការពារឥទ្ធិពលអាក្រក់នៃ​ទីក្រុងព្យុងយ៉ាង​ក៏ដោយ​ក៏ចិន និងរុស្ស៊ី នៅតែជំទាស់​ដោយពួកគេ​យល់ថា រ៉ាដា​នៃប្រព័ន្ធខែល​ការពាមីស៊ីលនេះ គឺជាការគំរាម​កំហែងយ៉ាង ខ្លាំងដល់សន្តិសុខជាតិ​របស់ខ្លួន៕