(ព្យុងយ៉ាង)៖ រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នៅថ្ងៃព្រហស្បតិ៍នេះ​បានអះអាងថា ករណីឃាតកម្ម​របស់ជនជាតិ​កូរ៉េខាងជើងម្នាក់ (ដោយសំដៅ​លើ​ លោក គីម​ ជុងណាំ) នៅក្នុង​រដ្ឋធានី​គូឡាឡាំពួរ​​កាលពីសប្តាហ៍​មុននេះ គឺជាគំរោងការណ៍​ដ៏អាក្រក់សំដៅ​ប្រឆាំងនឹង​កូរ៉េខាងជើង ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​កូរ៉េខាងត្បូង ក្នុងការទាញយក​ករណីមនុស្សស្លាប់​ដោយសារគាំង​បេះដូង មក​ចោទលើ​របបដឹកនាំកូរ៉េខាងជើងថា​​ ជាអ្នកនៅពីក្រោយការស្លាប់នោះទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់ពីសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA។

យោងតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​ ដែលបាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់អ្នកនាំ​ពាក្យ​នៃគណកម្មាធិការ​មេធាវីកូរ៉េឲ្យដឹងយ៉ាងដូច្នេះថា «ករណី​ឃាត​កម្ម​​ទៅ​លើ​​លោក គីម ជុងណាំ គឺជាការ​ទន្ទ្រាន​ដោយ​​បើក​​ចំហ​មក​លើ​​ដែន​អធិប​តេយ្យភាព​នៃប្រទេស​កូរ៉េខាងជើង និង​ជា​ការ​​រំលោភ​បំពាន​​សិទ្ធិ​​មនុស្ស​​ដោយចេតនា​មួយ ក៏​ដូច​ជា​អំពើ​​មួយ​ដែល​ផ្ទុយ​ស្រឡះ​​ទៅ​នឹង​ក្រម​​សីល​ធម៌​ រួមទាំងចរិយាធម៌​របស់មនុស្ស​ជាតិ»។​​ បន្ថែមពីនេះអាជ្ញាធរម៉ាឡេស៊ីក៏រងការរិះគន់ថា បានសម្តែងអាកប្បកិរិយា​មិនសមរម្យ​ទាល់តែសោះ​មកលើ​កូរ៉េខាងជើងផងដែរ។

អ្នកនាំពាក្យ​កូរ៉េខាងជើង​រូបនេះបាន​អះអាងទៀតថា «ពុំចាំបាច់​មាន​ការធ្វើកោសល្យវិច័យ​នោះឡើយ ដោយសារ​តែមូលហេតុ​នៃ​ការ​ស្លាប់​​ត្រូវ​បាន​​គេ​​បញ្ជាក់​​​ថា​​​ បាន​បណ្តាល​មក​ពី​​ការ​គាំង​បេះ​ដូង ហើយបុរស​ដែលបាន​បាត់បង់ជីវិ​តមានលិខិតឆ្លងដែន​នៅជាប់នឹងខ្លួន​ទៀតផង ប៉ុន្តែប្រទេស​កូរ៉េខាងត្បូង​បានឆ្លៀតឱកាស​កេងចំណេញ​ពីហេតុការណ៍​នេះ ហើយបាន​ចេញផ្សាយ​របាយការណ៍​បោកប្រាស់​ និងមិនពិតប្រាកដ​ថា​បុរសម្នាក់នោះត្រូវ​បានគេលួច​បំពុលឲ្យ​ស្លាប់ទៅវិញ»

គួរបញ្ជាក់ថា​បុរសជនជាតិកូរ៉េខាងជើង​ម្នាក់នេះ (អះអាងដោយកូរ៉េខាងជើង) ​បានបាត់បង់ជីវិត​នៅតាម​ផ្លូវបញ្ជូន​​ពីអាកាសយានដ្ឋាន​​អន្តរជាតិនៃ​ទីក្រុងគូឡាឡាំពួរ ទៅ​កាន់​​មន្ទីរ​ពេទ្យ។ មន្រ្តីប៉ូលិស​ម៉ាឡេស៊ី​ជាដំបូង​​បានកំណត់អត្តសញ្ញាណ​ជនរងគ្រោះថា​មានឈ្មោះ គីម ចុល មកពីកូរ៉េខាងជើង ខណៈ​ឧបនាយក​​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក Ahmad Zahid Hamidi បានឲ្យដឹងថា​ យោងតាម​ឯកសារ​របស់​ស្ថានទូត​បុរសម្នាក់នោះ​គឺជា​លោក គីម ជុងណាំ ដែល​ត្រូវជាបង​ប្រុសម្តាយទីទៃ​របស់ប្រមុខដឹកនាំ​កំពូលនៃប្រទេស​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ក៏ប៉ុន្តែការ​អះអាងនេះ​ត្រូវបានបដិសេធ​ចោល​​ដោយឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅ​ម៉ាឡេស៊ី​លោក កាង ចុល។ ដោយឡែក​ការកំណត់​អត្តសញ្ញាណជាផ្លូវ​ការតាមរយៈ​គំរូ DNA ពុំទាន់​​បានប្រព្រឹត្ត​ទៅនោះទេ ដោយហេតុ​តែមកទល់ពេលនេះ​មិនទាន់ឃើញ​មាន​កូនចៅបង្កើត​របស់ជនរងគ្រោះ​បង្ហាញខ្លួន​នៅឡើយ៕