(តូក្យូ)៖ ព្រះអង្គម្ចាស់ជប៉ុន​ ណារុហ៊ីតុ (Naruhito) មានព្រះជន្ម៥៦ព្រះវស្សា បានមានព្រះបន្ទូលថា ទ្រង់បាន​ត្រៀមលក្ខណៈ​រួចរាល់ហើយ​ ដើម្បីធ្វើជាព្រះចៅអធិរាជ​បន្ទាប់ពីព្រះបិតា​របស់ទ្រង់គឺព្រះចៅ​អធិរាជ អាគីហ៊ីតុ (Akihito) គ្រោងនឹង​ដាក់រាជ្យនៅឆ្នាំក្រោយនេះ។ ទន្ទឹមគ្នានោះដែរទ្រង់ ណារុហ៊ីតុ បានសន្យាថា​នឹងក្លាយជា​ព្រះចៅអធិរាជជប៉ុន​ដូចព្រះបិតា ដែលចែករំលែក​ការឈឺចាប់ និងភាពសប្បាយ​រីករាយជា​មួយប្រជាជន​របស់ទ្រង់។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បច្ចុប្បន្ន​រដ្ឋាភិបាលជប៉ុនកំពុងពិចារណាថា តើត្រូវធ្វើយ៉ាងដូចម្ដេច​ដើម្បីអាចឱ្យទ្រង់ អាគីហ៊ីតុ ដាក់រាជ្យ ដោយស្របច្បាប់​ក្រោយ​ព្រះអង្គផ្ទាល់ បានបង្ហាញ​ព្រះទ័យដាក់រាជ្យនេះកាលពីខែសីហា ឆ្នាំ២០១៦ ក្រោមហេតុផល​ព្រះជន្ម៨៣​ព្រះវស្សា និងបានទទួលការវះកាត់ជំងឺបេះដូងដែលកំពុងស្ថិតនៅក្រោម​ការ​ព្យាបាលព្រះរោគមហារីកក្រពេញប្រូស្ដាត។

ដោយឡែកកាលពី​ខែមករា កន្លងទៅ​សារព័ត៌មាននៅក្នុង​ស្រុកបានចុះផ្សាយថា ព្រះចៅ អាគីហ៊ីតុ អាចនឹងដាក់រាជ្យ​នៅឆ្នាំក្រោយនេះ រីឯព្រះអង្គម្ចាស់ ណារុហ៊ីតុ អាចនឹង​ឡើងសោយរាជ្យ​នៅខែមករា ឆ្នាំ២០១៩ ខណៈរដ្ឋាភិបាល​ជប៉ុន​នឹងដាក់ច្បាប់​ពិសេស​ស្ដីពីដាក់ រាជ្យជូន​សភាពិនិត្យ​ក្នុងពេលដ៏ខ្លី​ខាង​មុខនេះ។ ទ្រង់ ណារុហ៊ីតុ មានបន្ទូលដូច្នេះថា « ក្នុងនាម​ជានិមិត្តរូប​តំណាងឱ្យរដ្ឋ និងប្រជាជនជប៉ុន ខ្ញុំនឹងធ្វើជា​ព្រះចៅអធិរាជ​ដូចព្រះបិតា​របស់ខ្ញុំ (...) ខ្ញុំនឹងចែករំលែករឿង​ឈឺចាប់ និងភាពរីករាយ​ជាមួយនឹងប្រជាជន»

គួរបញ្ជាក់ថា​​ពេលវេលាចុងក្រោយ​នៃការដាក់រាជ្យ​នៃព្រះចៅអធិរាជប៉ុន ធ្វើឡើងកាលពី​ឆ្នាំ១៨១៧ ហើយចាប់ពី​ពេលនោះមក ការដាក់រាជ្យបែបនេះ​មិនត្រូវបានអនុញ្ញាតទៀតនោះទេ៕