(​អ៊ីស្លាម៉ាបាដ)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ​ បានកើតមានឡើងទៅលើលើអគារ​តុលាការនៅ​ទីក្រុង Charsadda ភាគពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន​នៅថ្ងៃអង្គារនេះ ដែលចំនួន​ជនរងគ្រោះ​មកដល់ពេលនេះគឺ មនុស្ស០៩នាក់ស្លាប់ និង៣០នាក់ផ្សេងទៀត​រងរបួសធ្ងន់ និងស្រាល។ នេះបើតាម​ស្ថានីយ៍​ទូរទស្សន៍​នៅក្នុងតំបន់​ដកស្រង់​​ដោយ​​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​​ស្ថានីយ៍​​ទូរទស្សន៍ Dunya TV តាមរយៈការ​ដកស្រង់សម្ដី​​ពីក្រុមមន្ត្រី​នៅ​ក្នុងទីក្រុង Charsadda ការផ្ទុះនេះ​បានកើតឡើង​នៅខាង​ក្រៅតុលាការមួយ ខណៈនារយៈពេល​១០ថ្ងៃមកនេះ​មានមនុស្ស​យ៉ាងហោច​​ណាស់១០០នាក់ បានស្លាប់​ និងរងរបួស​ដោយសារ​តែ​ការវាយប្រហា​រដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីសំណាក់​​ក្រុមភេរវករ និងការវាយ​ប្រហារ​សងសឹកដោយកង​​កម្លំាងរដ្ឋាភិបាល។

ចំពោះមនុស្សស្លាប់​នៅក្នុងការវាយប្រហារនៅ​អគារតុលាការខាងលើនេះគឺសុទ្ធសឹង​តែជនស៊ី​វិល ដែលក្នុង​នោះមាន​មេធាវីម្នាក់ផងដែរ រួមទាំងជន​បំផ្ទុះគ្រាប់បែកអត្តឃាត​ទាំងបីនាក់ ខណៈ​អ្នករងរបួស០៥​នាក់​ជាមន្ត្រីប៉ូលិស។ ប៉ូលិសក្នុងតំបន់​បានអះអាងទៀតថា អ្នកបំផ្ទុះគ្រាប់បែក០៣នាក់​បាន​ព្យាយាមសម្រុក​ចូលអគារ​តុលាការ​ក្នុងទីក្រុង Charsadda ប៉ុន្តែមិនបានសម្រេច​ក៏បំផ្ទុះនៅពីមុខអគារ​តែម្តង។

គួរបញ្ជាក់ថា​ក្រុម Mushtaq-ul-Ahrar ដែលជា​បណ្តាញនៃពួកតាលីបង់ បានទូរស័ព្ទ​ប្រាប់សារព័ត៌មាន​ក្នុងតំបន់ដោយអះអាងថា ខ្លួនជាអ្នក​ស្ថិតនៅពីក្រោយ​ការវាយប្រហារនេះ៕