(គូឡាឡាំពួរ)៖ ខណៈពេលមាន​ព័ត៌មានចុះផ្សាយ​ព្រោងព្រាត​ថា​ កូនប្រុសរបស់លោក គីម ជុងណាំ បានធ្វើដំណើរ​មកដល់​ទីក្រុងគូឡាឡាំពួរ​​នៃប្រទេសម៉ាឡេស៊ី​ ដើម្បី​ទទួលយក​សាកសព​របស់ឪពុកនោះ មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី​លោក Abd Samah Mat បានថ្លែង​ឲ្យដឹងថា​សមាជិក​ក្រុមគ្រួសារ​ទាំងឡាយណា​ដែលបានមកដល់​ទីនេះ នឹងទទួល​បានការការពារ​យ៉ាងចិត្តទុក​ដាក់​បំផុតពីសំណាក់​កងកម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Samah បានបញ្ជាក់ថា​មកទល់ព្រឹក​ថ្ងៃអង្គារនេះ​ពុំទាន់មាន​សមាជិកក្រុម​គ្រួសារណាម្នាក់​របស់​លោក គីម ជុងណាំ បានមក​ទទួលយក​​សាកសព​នៅឡើយទេ ក៏ប៉ុន្តែបើ​សិនជាពួកគេ​បានមកកាន់​ទីនេះ​ដើម្បីធ្វើ​ដូច្នោះនោះ វត្តមាន​របស់ពួកគេ​នៅម៉ាឡេស៊ីនឹង​មិនត្រូវលាតត្រដាងឲ្យ​សាធារណជន​បានឲ្យដឹងនោះឡើយ​រហូតដល់ដំណាក់កាលដែលចាំបាច់បំផុត ដើម្បីធានា​សុវត្ថិភាព​របស់ពួកគេ។

លោកមេបញ្ជាការ​ប៉ូលិសរូបនេះ​បានបន្តថា​ បើសិនជា​សមាជិកគ្រួសារ​ណាម្នាក់ស្ថិត​នៅទីនេះ ពួកគេនឹង​ត្រូវនាំយកទៅកាន់​មន្ទីរពេទ្យ​នៃ​រដ្ឋធានី​គូឡាឡាំពួរ​ដើម្បីធ្វើការ​កំណត់អត្តសញ្ញាណ​សាកសពជន​រងគ្រោះ​ និងប្រគល់​គំរូ DNA។ ក្រោយមក​ប្រសិនបើ​ប៉ូលិសឯកភាព​ថា​បុគ្គល​នោះ​ ពិតជាកូនចៅ​របស់ជនរង​គ្រោះប្រាកដ​មែន សាកសព​លោក គីម ជុងណាំ នឹងត្រូវប្រគល់ដល់ដៃ​របស់សមាជិក​គ្រួសារ​រូប​​នោះ​ ហើយអាជ្ញាធរ​ម៉ាឡេស៊ីនឹង​បញ្ជូនដំណឹង​ទៅកាន់ស្ថានទូត​កូរ៉េខាងជើង។

ជុំវិញបញ្ហានេះ​មានសេចក្តីរាយការណ៍​ព័ត៌មានថា លោក គីម ហាន់សូល ដែលជា​កូនប្រុសរបស់​​លោក​ គីម ជុងណាំ ទំនង​បានធ្វើដំណើរ​​មក​ដល់​ទីក្រុង​គូឡា​ឡាំ​ពួរ​​ តាមជើងហោះហើរ​នៃក្រុមហ៊ុន​អាកាសចរណ៍ AirAsia ពីទីក្រុងម៉ាកាវ ហើយការមក​ដល់នេះធ្វើឡើងបន្ទាប់​ពី​​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រកាសថា​នឹងប្រគល់​សាកសព​លោក គីម ត្រឡប់​ទៅ​វិញ​បើ​សិន​​ជា​ក្រុម​គ្រួសារ សាច់ញាតិ​របស់លោក​យល់ព្រម​ផ្ដល់គំរូ DNA។ ​

គួរបញ្ជាក់ថា​កូរ៉េខាងជើង​ក៏បានទាមទារឲ្យ​ម៉ាឡេស៊ីប្រគល់​សាកសព​លោក គីម ជុងណាំ ទៅឲ្យ​ស្ថានទូត​របស់ខ្លួនប្រចាំ​នៅទីក្រុងគូ​ឡា​ឡាំ​ពួរ​​ភ្លាមៗផងដែរ​ដោយពុំចាំ​បាច់​ធ្វើកោសល្យ​វិច័យអ្វី​ឡើយ ក៏ប៉ុន្តែត្រូវ​បានបដិសេធ ដោយ​អាជ្ញាធរម៉ាឡេស៊ី​បានលើកឡើងថា​ការស្លាប់​នោះ​បានកើតឡើង​យ៉ាងទាន់ហន់ និងពោរពេញ​ដោយអាថ៌​កំបាំង។

ដោយឡែកនាព្រឹកថ្ងៃអង្គារនេះ​គេបានសង្កេតឃើញថា​មានក្បួន​រថយន្តគ្មាន​សញ្ញាសម្គាល់​ចំនួនបួនគ្រឿង​បានធ្វើដំណើរចូល​ទៅកាន់បរិវេណ​នៃមន្ទីរពេទ្យ​គូឡាឡាំពួរ​អមដោយកងកម្លាំង​ពិសេសប្រមាណ​ជា​ ៣០នាក់ការពារសន្តិសុខ​ជុំវិញទីនោះ ដែលទីកន្លែង​តម្កល់សាកសព​លោក គីម ជុងណាំ ប៉ុន្តែពុំមាន​សារព័ត៌មានណាបញ្ជាក់បន្ថែមពីរឿងនេះឡើយ៕