(ស៊ីរី)៖ ក្រុមសកម្មប្រយុទ្ធស៊ីរីដែលមានទំនាក់ទំនងនឹងក្រុម ISIS នៅថ្ងៃចន្ទ​សប្ដាហ៍នេះបានបើក​ការវាយលុក​ដ៏គួរឱ្យភ្ញាក់ផ្អើល​មួយទៅលើ​ក្រុមឧទ្ទាម នៅភាគខាងត្បូង​ប្រទេសស៊ីរី ស្ថិតនៅក្បែរ​តំបន់ Golan Heights ជាប់ព្រំដែន​រវាងអ៊ីស្រាអែល និងហ្ស៊ក​ដានី​ដោយវាយណ្ដើម​បានទីក្រុង​ និងភូមិជាច្រើន។ នេះបើតាម​ក្រុមប្រឆាំង​ស៊ីរី ដកស្រង់ដោយ​សារព័ត៌មាន Channel ​News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងទៀតថា ពួកក្រុមសកម្មយុទ្ធ​បានបង្កើនការគ្រប់គ្រង​របស់ពួកគេ​នៅក្នុងដែនដី ដែលស្ថិតនៅ​ចន្លោះស៊ីរី និងអ៊ីស្រាអែលបន្ទាប់ពី​បានវាយលុក​ទៅលើ​ទីក្រុង Tseel, Sahem al Golan, Adwan និងទីក្រុងTel Jamoua។ ក្រុមប្រឆាំងស៊ីរី​បានបញ្ជាក់ដូច្នេះថា «ក្រុម​សកម្មប្រយុទ្ធ ISIS បានបើក​ការវាយលុក​ដ៏ភ្ញាក់ផ្អើលទៅលើ​មូលដ្ឋាន​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​សេរីស៊ីរី FSA ដោយគ្មាន​នរណាម្នាក់អាច​នឹងស្មានដល់​ ពីការវាយលុក​ដ៏លឿនបែបនេះឡើយ»។

គួរបញ្ជាក់ថាក្រុម ISIS ​អាចវាយដណ្ដើម​បានទីក្រុង Jamla Ain Zakar, Nafaa និងទីក្រុង al Shajra ហើយមិនតែប៉ុណ្ណោះក្រុមភេរវករមួយនេះ​ក៏បានដាក់ពង្រាយ​រថក្រោះ និងរថពាសដែក​ជាច្រើនគ្រឿង​ផងដែរ ដើម្បីត្រៀម​វាយលុកទៅ​លើទីក្រុង​ ឬភូមិនៅក្បែរ​ទីក្រុង​ទំាងនេះ​ឲ្យបានកាន់តែច្រើនបន្ថែមទៀត៕