(សេអ៊ូល)៖ វាជាលើកដំបូង​បំផុតក្នុងរយៈពេលមួយ​សប្តាហ៍​ ក្រោយឃាតកម្ម​ដ៏កក្រើកពិភពលោក ដោយ​ក្រសួង​ការពារជាតិកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍​ជាផ្លូវការ «ចោទប្រកាន់​លោក គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើងតែម្តង​ថា ជាអ្នកបញ្ជាឲ្យរៀបចំ​ធ្វើឃាតបងប្រុស​របស់ខ្លួនគឺ​លោក គីម ជុងណាំ» នៅទីក្រុង​គូឡាំឡាំពួរ​ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ​សប្តាហ៍មុន។ នេះបើ​តាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែល​ត្រូវបាន​បញ្ជូនទៅ​កាន់​រដ្ឋសភានៅព្រឹក​ថ្ងៃអង្គារនេះ​​បានបញ្ជាក់​យ៉ាងច្បាស់​លាស់​​ដូច្នេះថា «លោក គីម ជុងអ៊ុន គឺជាអ្នកនៅ​ពីក្រោយ​អំពើឃាតកម្ម​លើ​បងប្រុស​ខ្លួនឯង»។ បន្ថែមពីនេះ​យោធាកូរ៉េខាងត្បូង​ក៏នឹងតាមដែនផងដែរ​​ចំពោះការធ្វេស​ប្រហែស​ នៃរបប​ដឹកនាំ​កូរ៉េខាងជើង ជាពិសេស​លើការបង្វឹកទាហាន​ប្រកបដោយ​ភាពព្រៃផ្សៃ។

គួរបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាអ្នកដឹងរឿងសម្ងាត់របស់កូរ៉េខាងជើងច្រើនជាងគេនោះ​បានបញ្ចេញ ព័ត៌មាន បន្តបន្ទាប់ជុំវិញករណីឃាតកម្មលើលោក គីម ជុងណាំ ជាពិសេស​ក្រោយពី​ការស្លាប់​​របស់​លោក​ភ្លាមៗ ដែលលិខិតឆ្លងដែន​មានឈ្មោះ គីម ចុល (Kim Chol) នោះក៏ត្រូវ​បានកូរ៉េខាងត្បូង​​ធានាថា​ជាលោក គីម ជុងណាំ យ៉ាងពិតប្រាកដផងដែរ​ដោយសារតែបងប្រុសឪពុកតែមួយម្តាយ​ទីទៃ​រូបនេះបានប្រើប្រាស់​ឈ្មោះទីពីរ​​ ដើម្បីគេចចេញពី​ការ​ចាប់អារម្មណ៍។

សម្រាប់ការចោទប្រកាន់ខាងលើនេះ ភ្លាមៗមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាងនោះឡើយ៕