(ហ្សាការតា)៖ អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Jusuf Kalla បានថ្លែង​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុកថា​ស្រ្តីឈ្មោះ Siti Aisayah ជន​ជាតិ​​ឥណ្ឌូណេស៊ី ​ដែល​ត្រូវ​​បានអាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ឃាត់​ខ្លួន​ក្រោម​បទសង្ស័យ​ថា មានជាប់ពាក់ព័ន្ធ​ជាមួយករណី​ឃាតកម្ម​របស់លោក គីម ជុងណាំ នោះតាម​ពិតទៅគឺ​ជាជនរងគ្រោះម្នាក់​ក្នុងការបោក​បញ្ឆោត ដែលមិន​បានដឹងថា​រូបនាងត្រូវ​គេខ្ចីដៃ​ក្នុងការសម្លាប់​បងប្រុសរបស់​​មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទដើមសប្តាហ៍​នេះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​អនុប្រធានាធិបតី​ឥណ្ឌូណេស៊ីបាន​ជឿថា​នាង Siti ត្រូវបានគេ​បោកបញ្ឆោត​ឲ្យចូលរួមក្នុង​សកម្មភាព​លេងសើចដែល​បរទេស​​​និយម​​ហៅ​​ថា​ជា «Prank» ទៅលើលោក គីម ជុងណាំ និងយល់ថា​សកម្មភាពនោះ​គ្រាន់តែជាកម្មវិធី​ទូរទស្សន៍មួយ​ប៉ុណ្ណោះ។ លោក Jusuf Kalla បាន​បន្ថែម​ថា​​​រូប​លោក​មានការជឿជាក់​ខ្ពស់ថា​នាង Siti មិនមែនជា​ភ្នាក់ងារចារកិច្ច​របស់​កូរ៉េខាងជើង ដូចទៅនឹងអ្វី​សេចក្តីរាយការណ៍​ព័ត៌​មាន​​ដែល​​​បាន​​​​ចុះ​ផ្សាយ​ក្រោយ​ពេល​​កើតហេតុ​ដំបូងភ្លាមៗ​នោះទេ។

លោក Kalla បានបន្ត​ទៀតថា ប៉ុន្តែនាង​គ្រាន់តែជនរងគ្រោះ​នៃអំពើបោកប្រាស់​ទៅវិញទេ ហើយបើ​សិនជានាង Siti ដែលជា​ស្រ្តី​ម្នាក់​មាន​ដំណើមកំណើត​មកពីក្រុង Serang នៃខេត្ត Benten ក្បែររដ្ឋធានី​ហ្សាការតា គឺជាចារនារី​ម្នាក់មែននោះ កម្លាំងប៉ូលិស​​ម៉ាឡេស៊ី​​មិន​អាច​រក​ឃើញ​និងចាប់ខ្លួនរូប​នាងបានងាយស្រួល​ដូច្នោះឡើយ។
លោកអនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​បានចោទជា​សំណួរចុងក្រោយ​យ៉ាងដូច្នេះថា «ហេតុអ្វី​បាននាង​បានត្រឡប់ទៅកាន់សណ្ឋាគារ​ដែលស្ថិតនៅក្បែរ​អាកាសយានដ្ឋាន​កើតហេតុ​ក្នុងទីក្រុង​គូឡាឡាំពួរ ដើម្បី​សម្រាក​​និង​លាក់​ខ្លួន​​ទៅ​វិញ? ដូច្នេះមានន័យថា​លោក គីម ជុងណាំ គឺជាជនរងគ្រោះ​ម្នាក់នៃជនរងគ្រោះ​ម្នាក់ផ្សេងទៀត»។

គួរបញ្ជាក់ថា​ស្រដៀងគ្នា​នេះ ​យោងតាមសម្តី​របស់មេបញ្ជាការប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី​លោក Tito Karnavian ស្រ្តីជាប់សង្ស័យ​​ជន​ជាតិ​​ឥណ្ឌូណេ​ស៊ី​ខាងលើត្រូវបានគេបញ្ឆោត​ឲ្យជឿលង់ថា​រូបរាងបានស្ថិត​ក្នុងការចូលរួមលេង​ក្នុងកម្មវិធីកំប្លែង​កម្សាន្តតាម​កញ្ចក់ទូរទស្សន៍​​មួយដែល​ដូចទៅ​នឹង​កម្មវិធី Just for Laughs ដ៏ល្បីឈ្មោះ។ ជុំវិញការលើក​ឡើងនេះ​លោក Tito បានឲ្យដឹងថា​នាង Siti ត្រូវបានគេ​ជួល​ឲ្យ​ប្រព្រឹត្តសកម្មភាព​បែបកំប្លែងលេង​ដែល​ស្រដៀងគ្នានឹងអ្វីដែលទស្សនិកជនតាមកញ្ចប់ទូរទស្សន៍​តែងតែធ្លាប់បានមើលឃើញក្នុង​កម្មវិធី Just for Laughs រួមមានទាំងការ​បាញ់កំប៉ុងថ្នាំ​និងសារធាតុផ្សេងៗ​ផងដែរ ហើយនាង Siti ត្រូវបានគេជួល​ឲ្យធ្វើ​សកម្មភាព​ដូច្នោះ ខណៈ​គោល​ដៅ​​ចុង​​ក្រោយគឺជា​លោក គីម ជុងណាំ តែម្តង។

លោក Tito Karnavian បានអះអាងថា​លោកទទួលបានព័ត៌មាន​ខាងលើពីសំណាក់​ប៉ូលិសម៉ាឡេស៊ី ហើយបានឲ្យដឹង​បន្ថែមដូច្នេះ​ទៀតថា «តាមពិតទៅមាន​ស្រ្តីម្នាក់ជា​អ្នកបិទភ្នែក និងម្នាក់ទៀតជា​ចាំបាញ់ ប៉ុន្តែគេសង្ស័យថា​កំប៉ុងសម្រាប់ធ្វើ​ការបាញ់នោះមានផ្ទុកសារធាតុ​​គ្រោះ​ថ្នាក់»