(អាមេរិក)៖ សម្រាប់អ្នកស្រឡាញ់ និងតាមដានព័ត៌មាន​អវកាស​ពិត​ជាព្រឺ​ព្រួច ឬឆ្ងល់កាន់តែខ្លាំង​អំពីរូបភាពពិតៗ នៃតំបន់ប៉ូលខាងត្បូងរបស់ភពព្រហស្បតិ៍ ដែលមើលទៅហាក់ដូច​ជាផ្ទាំងគំនូរ​ប្រកបដោយភាពស្រមើស្រមៃ​មួយ ដែលគ្មាននរណា​អាចនឹកស្មាន​ដល់ឡើយថា នឹងកើតមាន​ទិដ្ឋភាពបែបនេះ​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ ហើយរូបភាពនោះគឺនៅលើភពយក្ស «ព្រហស្បតិ៍» នោះឯង។ នេះបើ​តាមការ​ដកស្រង់ព័ត៌មាន​​ពីវែបសាយ Space នារសៀល​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

រូបភាពដែលយានអវកាស Juno ថតបានតាំងតែពីថ្ងៃទី០២ ខែកុម្ភៈ ពីរយៈកម្ពស់ ១០២,១០០ គីឡូម៉ែត្រ (១ ភាគ៤ នៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ) និងទើបតែត្រូវបានអង្គការ NASA កែសម្រួលជា​ពណ៌ធម្មជាតិ​នេះ បានធ្វើឲ្យមនុស្សជាច្រើន​មានការស្រមើ​ស្រមៃ និងមានចម្ងល់​កាន់តែខ្លាំងអំពី​​ធម្មជាតិនៃ​ភពព្រហស្បតិ៍។ ទិដ្ឋភាពនៅ​លើប៉ូលខាងត្បូង​នោះ គឺជាបណ្តុំ​នៃពពកឧស្ម័ន​ដ៏ក្រាស់ក្រែល ប៉ុន្តែវាមាន​សភាពស្ងប់ មិនដូចនៅតំបន់​អេក្វាទ័រ និងតំបន់លើឬក្រោមខ្សែអេក្វាទ័រនៃភពឡើយ ដែលមានសភាពកញ្ជ្រោលខ្លាំង ដែលបង្ហាញពីអំណាចពីធម្មជាតិ។

គួរបញ្ជាក់ថាយាន ជូណូ ត្រូវបានបាញ់ចេញពីផែនដីកាលពីខែសីហា ឆ្នាំ២០១១ និងទៅដល់​ភពព្រហស្បតិ៍​កាលពី​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ វាបាននិង​កំពុងបំពេញបេសកកម្ម​នៅភព​ព្រហស្បតិ៍ ដែលមាន​រយៈពេល ២០ខែ ហើយពេល​បញ្ចប់បេសកកម្ម វានឹងត្រូវទម្លាក់ខ្លួ​នចូលក្នុងភពព្រហស្បតិ៍​តែម្តង នៅអំឡុង​ខែកុម្ភៈ ឆ្នាំ២០១៨ តែមួយឆ្នាំទៀតប៉ុណ្ណោះ៕