(ប៉េកាំង)៖ ប្រទេសចិនហាក់កំពុងតែ​តាមដានស្ងាត់ៗ​នៅឡើយ ចំពោះអ្វីដែល​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ធ្លាប់បានលើកឡើង​ពីគំរោងបង្កើន​ការងារឡើងវិញ​នៅក្នុងទឹកដី​អាមេរិក ដោយគ្រោង​ដករោងចក្រ​នានា ជាពិសេសពី​ប្រទេសចិន​ត្រឡប់ទៅបើក​នៅទឹកដី​កំណើតវិញ ប៉ុន្តែទោះបីជា​បែបនេះក្តី​ក៏ប្រទេសចិន​នៅតែអះអាងថា នយោបាយ​របស់ខ្លួន​នឹង​មិនប៉ះពាល់ដោយសារ​តែរឿងនេះឡើយ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយ Channel News Asia នារសៀល​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

រដ្ឋមន្ត្រីឧស្សាហកម្មចិនលោក Miao Wei បានថ្លែងជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការ​ប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដែលគ្រោងដករោងចក្រអាមេរិក ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ​នោះ យើងកំពុងតែតាមដានការ​វិវឌ្ឍនេះ​​យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែវានឹងមិនបង្កឲ្យប៉ះពាល់ដល់វិស័យ​ឧស្សាហកម្មជារួម​របស់ប្រទេសចិន​នោះ​ឡើយ»។ ប្រទេសចិន​នៅតែបន្ត​លើកទឹកចិត្ត​ឲ្យវិនិយោគិន​បរទេស​ចូលមករកស៊ី​បណ្តាក់​ទុនជាធម្មតា និងលើកទឹកចិត្ត​ឲ្យក្រុមហ៊ុន​ក្នុងស្រុកទៅ​វិនិយោគនៅ​ក្រៅប្រទេស។

គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីប៉ុន្មានខែមុននេះ នៅក្នុងវេទិកាសេដ្ឋកិច្ចសកល​លោកបានលើក​ឡើង​ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះប្រព័ន្ធ «ការពារនិយម» ដែលជាវិធីសាស្ត្រនៃ​ការការពារតែផលប្រយោជន៍ខ្លួនឯង មិន​គិត​ប្រយោជន៍រួមជាធំ ប៉ុន្តែការលើកឡើងរបស់លោក ដូណាល់ ត្រាំ កន្លងមកគឺជាការសន្យា​នៅអំឡុងយុទ្ធនាការឃោសនា​រកសំឡេងឆ្នោត ដែលលោកនឹងធ្វើឲ្យអាមេរិក​មានឥទ្ធិពលខ្លាំងខាងសេដ្ឋកិច្ចឡើងវិញ និងចោទចិនថាធ្វើពាណិជ្ជកម្ម​ខ្សែ​លើអាមេរិកទៀតផង៕